(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងទទួលយកសំណើរ សំណូមពររបស់ពួកគាត់មកដោះស្រាយបានទាន់ពេលវេលា ព្រមទាំងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៤៧០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសជាតិ ក្រោមដំបូលសន្តិភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយផ្លូវបេតុងថ្មី០១ខ្សែ ដែលនឹងស្ថាបនានាពេលខាងមុខនេះ នឹងជួយសម្រួលដល់ការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕