(សៀមរាប)៖ បន្ទាប់ពីបានរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍ឥណ្ឌានៅកម្ពុជា (Incredible India Road Show 2018) ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ រួចមក ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តបើកកិច្ចប្រជុំលើកទី២ នៃក្រុមការងារទេសចរណ៍កម្ពុជា-ឥណ្ឌា មួយទៀតនៅខេត្តសៀមរាប ទឹកដីបេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជា ជាមួយនឹងគោលបំណងដ៏មានសារសំខាន់។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោកស្រី Rashmi Verma រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌា និងលោកស្រី MANIKA JAIN ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រមជាមួយវត្តមានសមាជិកប្រតិភូនៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ផងដែរ។
លោក ហោ មុនីរ័ត្ន បានលើកឡើងពីសារសំខាន់ចាំបាច់ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានវាយតម្លៃខ្ពស់លើលទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនទេសចរ។
លោករដ្ឋលេខាធិការ ហោ មុនីរ័ត្ន បានលើកឡើងអំពីចំណុចសំខាន់ៗ សម្រាប់ការពិភាក្សាឆ្ពោះទៅរកជំហានរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាក្នុងការគិតគូរដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ស្របតាមផែនការការងារនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ពិសេសផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
* ការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ, ការគិតគូរដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមក្នុងការទំនាក់ទំនង និងការធ្វើដំណើរ, ជំរុញការលើកកម្ពស់គុណភាព និងសេវាកម្មទេសចរណ៍។
* ជំរុញការផ្សព្វផ្សាយទីផ្សាររួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពី FAM Trips នៃប្រតិបត្តិករទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍បង្ហាញផ្លូវទេសចរណ៍ (Roadshow) និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដែលរៀបចំឡើងដោយប្រទេសនីមួយៗ។
* ពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការពង្រឹងស្ថាប័ននៃអភិបាលកិច្ចល្អ ការកសាងសមត្ថភាព និងកម្មវិធីបណ្ដុះបណ្ដាលសម្រាប់មន្ត្រីរដ្ឋាភិបាល ក្នុងវិស័យទេសចរណ៍។
* សហការជាមួយស្ថាប័នពាក់ព័ន្ធអំពីលទ្ធភាពការតភ្ជាប់តាមផ្លូវអាកាស សម្រាប់ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា។
* បង្កើតការយល់ដឹង និងជំរុញផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ និងខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រាដែលទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ កលនឡើង ១១% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៥៩,៥៧១នាក់ កើនឡើង ២៩%។ លើសពីនេះ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ ទិន្នន័យរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជា បានកើនឡើង ១០% ដែលមានចំនួន ១០,៧៥០នាក់។ ឆ្នាំ២០១៨នេះ កម្ពុជារំពឹងនឹងទទួលទេសចរឥណ្ឌាប្រមាណ ៨ម៉ឺននាក់៕