(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងការបោះឆ្នោត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សមាតុភូមិយើង មួយទៀតហើយ បានទៅទទួលយកទម្រង់ឯកសារពី គ.ជ.ប ដើម្បីរៀបចំតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ។ នេះបើតាម លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
ការតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ គឺជាត្រូវបានកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលគណបក្សនយោបាយនីមួយៗ ដែលចូលរួមក្នុងការបោះឆ្នោត ត្រូវតែតម្កល់ប្រាក់នេះជាមុន។
សូមជម្រាបថា រហូតដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីរួចរាល់ រួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនសិនប៉ិច។
រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២៣ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ ក្នុងនោះគណបក្សនយោបាយចំនួន១០ផងដែរ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕