(ព្រះសីហនុ)៖ រឿងវ៉ាវអយុត្តិធម៌ របស់ប្រជាពលរដ្ឋស្លូតត្រង់គ្រួសារធំមួយ ដែលត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោល នៅភូមិអូត្រាវ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បើទោះបីជាអាជ្ញាធរខេត្តព្រះសីហនុ ចេញប័ណ្ណផ្តល់កម្មសិទ្ធិស្របច្បាប់រួចហើយក្តី ក៏ត្រូវបានជនអាងអំណាចតាមយាយឺ រុកគួនមិនឲ្យគ្រួសារនេះរស់នៅបានសុខឡើយ។

តាយាយដែលមានអាយុជាង៨០ឆ្នាំហើយ រួមនឹងកូនចៅដែលរងទុក្ខបុកម្មេញ ពីជនអាងអំណាងលុយកាក់នេះ គឺលោកតា វ៉ាន់ វង្ស អាយុ៨៥ឆ្នាំ និងលោកយាយ អ៊ូច ផង់ អាយុ៨១ឆ្នាំ បច្ចុប្បន្នរបស់នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងកូនរបស់គាត់មួយចំនួន។ ចំណែកអ្នកដែលតាមធ្វើទុក្ខបុកម្មេញ ក្រុមគ្រួសារតាយាយនេះ មានឈ្មោះ យូ ចន្ថា ភេទស្រី អាយុ៥០ឆ្នាំ សញ្ជាតិខ្មេរ រស់នៅភូមិព្រែព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយទ្រាំមិនបាននឹងអំពើរបស់ឈ្មោះ យូ ចន្ថានេះ តាយាយ និងកូនចៅបានដាក់សំណើទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងយុត្តិធម៌ ដែលតែងតែខ្វាយខ្វល់គ្រប់វិនាទី ចំពោះសុខទុក្ខប្រជាពលរដ្ឋនោះ សុំឲ្យផ្តល់យុត្តិធម៌ជួនពួកគាត់។

ជាមួយគ្នានេះ តាយាយ និងគ្រួសារបានសម្រេចដាក់ពាក្យប្តឹងឈ្មោះ យូ ចន្ថា ទៅសាលាដំបូងខេត្តព្រះសីហនុ ពីបទល្មើសចំនួន៣ គឺ ទី១៖ ការប៉ុនប៉ងមនុស្សឃាត, ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស (ដុតផ្ទះ) និង ៣៖ ក្លែងបន្លំឯកសារសាធារណៈ។

បណ្តឹងនេះ ត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាកោះហៅឈ្មោះ យូ ចន្ថា ឲ្យចូលបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ (អគារខាងមុខជាន់លើ បន្ទប់លេខ១៥) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩៖០០នាទីព្រឹក។ នេះបើតាមដីកាកោះ ដែលចេញដោយលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភានេះ។

ពាក់ព័ន្ធនឹងសំណុំរឿងអយុត្តិធម៌នេះដែរ លោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ក៏បានចេញដីកាកោះឲ្យតាយាយ និងកូនចំនួន៣នាក់ទៀត ដែលជាដើមបណ្តឹងចូលបំភ្លឺនៅសាលាដំបូងខេត្តព្រះសីហនុផងដែរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ប៉ុន្តែគួរឲ្យសោកស្តាយបំផុត ដោយមិនបានទទួលដីកាកោះនោះ ទើបតាយាយ និងកូនៗ មិនចូលបំភ្លឺតាមការកំណត់។

តាយាយ និងគ្រួសារបានលើកម្រាមដៃសំពះ និងអំពាវនាវដល់ស្ថាប័នយុត្តិធម៌ សូមផ្តល់យុត្តិធម៌ជូនគ្រួសាររបស់ខ្លួន ដើម្បីអាចបានរស់ក្នុងសេចក្តីសុខ​នៃជីវិតចុងក្រោយ។ 

ពាក់ព័ន្ធករណីនេះ អ្នកស្រី យូ ចន្ថា បានបដិសេធចំពោះការចោទប្រកាន់នេះ។ អ្នកស្រីបានអះអាងថាខ្លួនជាជនរងគ្រោះ ដែលត្រូវតាយាយ និងគ្រួសាររំលោភយកដីរបស់គាត់ទៅវិញ។

អ្នកស្រី យូ ចន្ថា បានលើកឡើងថា កាលពីឆ្នាំ១៩៩១ ខ្លួនបានទិញដីពីឈ្មោះ រ៉ង ដែលមានអាជ្ញាធរភូមិឃុំទទួលស្គាល់។ ស្រាប់តែឆ្នាំ២០០៦ ឈ្មោះ វ៉ាន់ វង្ស មានតែស្នាមមេដៃមួយប៉ុណ្ណោះ ប្តឹងថាអ្នកស្រីរំលោភដីរបស់គាត់ ដោយមិនមានឯកសារអ្វីទាំងអស់។ ក្រោយមកនៅឆ្នាំ២០១៣ តុលាការក៏បានដើរដល់អង្គសេចក្តីរឿងព្រហ្មទណ្ឌ រំលោភយកដី ក៏ចេញសាលក្រមស្ថាពរឲ្យអ្នកស្រីឈ្នះក្តី។ ប៉ុន្តែដល់ឆ្នាំ២០១៥ ឬ ២០១៦ អាជ្ញាធរបានឃុបឃិតគ្នា ចេញប័ណ្ណកម្មសិទ្ធិរំលោភលើ សាលក្រមស្ថាពរទៅវិញ៕