(តាកែវ)៖ នៅថ្ងៃ០៩ ខែ ឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្តិណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានចុះទៅប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ដើម្បីសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ព្រមទាំងពិនិត្យសភាពការណ៍ផ្សេងៗតាមព្រំដែន កម្ពុជា-វៀតណាម។
ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចុះមកពិនិត្យជាក់ស្តែងនៅតាមព្រំដែនរវាង កម្ពុជា-វៀតណាម នៅពេលនេះ ដើម្បីចង់ដឹងអំពីស្ថានភាពទូទៅ ទាក់ទងនឹងកម្លាំងឈរជើង ស្ថានភាពប៉ុស្តិ៍ និងច្រកទ្វារព្រំដែន ច្រកទ្វារទ្វេភាគី ច្រកទ្វារអន្តរជាតិ។
បើតាមការបញ្ជាក់បន្ថែមពី លោកឧត្តមសេនីយ៍ស្នងការ ថ្នាក់ដឹកនាំបានចុះត្រួតពិនិត្យនៅច្រកនីមួយៗ ប៉ុស្តិ៍នីមួយៗ តើមានសមត្ថកិច្ចមកពីស្ថានប័នណាខ្លះ ដែលឈរជាមួយកងកម្លាំងនគរបាល ព្រមទាំងការជំរុញបន្ថែម ឲ្យខិតខំអនុវត្តការងារ លើកិច្ចការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនជាពិសេសនោះ មានទំនាក់ទំនងល្អជាមួយភាគីវៀតណាម និងការបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេចរឆ្លងកាត់ផងដែរ៕