(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ត្រង់ចំណុចភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងករណីគ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយម៉ូតូវ៉េវ (Wave) បានបុកពេញទំហឹងជាមួយរថយន្តសាំយ៉ុង ក្នុងដំណើរច្រាសទិសគ្នា (ម៉ូតូពីលិចទៅកើត រថយន្តពីកើតទៅលិច) ហើយនៅក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់តែម្តង។
សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចររវាង ម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆិត ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ដូងព្រះ ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ របួសធ្ងន់ បានដុបឈ្មោះ គង់ ងន់ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានស្លាប់នៅនឹងកន្លែងកើតហេតុ, បានបុកគ្នាពេញទំហឹងជាមួយរថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AJ.6864 អ្នកបើកបរមិនស្គាល់ឈ្មោះ នឹងអាស័យដ្ឋាន ក្នុងដំណើរច្រាសទិសគ្នា ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
សម្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីបើកបរក្នុងល្បឿនលឿនទាំងរថយន្ត និងម៉ូតូ ហើយតៃកុងម៉ូតូ និងអ្នកជិះរួមដំណើរមិនមានពាក់មួកសុវត្ថិភាពទៀតផង។ បច្ចុប្បន្ន អ្នករបួសធ្ងន់សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសួង អ្នកស្លាប់ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមលក្ខណៈប្រពៃណី ដោយឡែកម៉ូតូខូចខាតយ៉ាងធ្ងន់ធ្ងរ និងរថយន្តត្រូវបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចាត់ការតាមច្បាប់៕