(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០១៨នេះ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាអនវុត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងបណ្តាញចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនសម្ព័ន្ធជប៉ុនចំនួន៣ ដោយមានការអញ្ជើញចូលរួមពីប្រធាន JICA និងភ្ញៀវកិត្តិយសជាច្រើនរូប។

គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងបណ្តាញចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញនេះ ទទួលបានឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) មានទឹកប្រាក់ប្រមាណ ៦,៤៨៩លានយ៉េន ស្មើនឹងប្រហែល៦៦.២លានដុល្លារអាមេរិក។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ការចុះកិច្ចសន្យា លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការវិនិយោគសម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរាជធានីភ្នំពេញ ដោយគោលដៅសំខាន់ពីរគឺ

ទី១៖ ពង្រីកសមត្ថភាព ដើម្បីបន្តគាំទ្រការរីកចម្រើនយ៉ាងឆាប់រហ័សបន្តទៀត របស់រាជធានីភ្នំពេញ ដោយត្រូវការប្រព័ន្ធគ្រប់គ្រងថាមពល ដែលមានលក្ខណៈទូលាយជាងបច្ចុប្បន។

ទី២៖ ការពង្រឹងសុវត្ថិភាព គឺដោយសារនៅរាជធានីភ្នំពេញពេលខ្លះដាច់ភ្លើង ដូច្នេះទើបធ្វើការពង្រីកប្រព័ន្ធបញ្ជូនតង់ស្យុងខ្ពស់ និងតង់ស្យុងមធ្យម ប្រទាក់ក្រឡាគ្នា ដើម្បីរាជធានីភ្នំពេញ មិនជួបប្រទះករណីដាច់ភ្លើងប្រើប្រាស់ ដើម្បីសម្រួលដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោក កែវ រតនៈ បញ្ជាក់ថា «យើងជឿជាក់ថា បន្ទាប់ពីគម្រោងនេះត្រូវបានអនុវត្តន៍ចប់ រាជធានីភ្នំពេញនឹងមានស្ថិរភាពផ្គត់ផ្គង់ភ្លើងកាន់តែប្រសើរជាងបច្ចុប្បន្នទៀត ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន»

សូមជម្រាបថា គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងបណ្ដាញចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ ដែលមានកិច្ចសន្យាសរុបចំនួន ១,២៤៨,៦៣៩,០០០,០០០ជប៉ុន​យ៉េន (ប្រហែល១១លានដុល្លារ) និង៣៩,៣៧៦,៨២៨,០០ដុល្លារអាមេរិក។

ទំហំការ​ងារនៃគម្រោងនេះមានដូចជា៖

១៖ សាងសង់អនុស្ថានីយថ្មី
* អនុស្ថានីយទំនើប (GIS) 115/22kV, 2x75 MVA នៅស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជា នៅក្បែរវត្តភ្នំ
* អនុស្ថានីយទំនើប (GIS) 115/22kV, 2x75 MVA នៅពហុកីឡាដ្ឋានជាតិអូឡាំពិក

២៖ សាងសង់ខ្សែបញ្ជូនអគ្គិសនីកប់ដីតង់ស្យុងខ្ពស់ 115 kV ប្រវែងសរុប 12.230 Km
* ខ្សែបញ្ជូនអគ្គិសនីកបដីតង់ស្យុងខ្ពស់ 115kV ពីអនុស្ថានីយទី១ ទៅអនុស្ថានីយនៅស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជា មានប្រវែង 2.180 Km.
* ខ្សែបញ្ជូនអគ្គិសនីកប់ដីតង់ស្យុងខ្ពស់ 115kV ពីអនុស្ថានីយនៅស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជា ទៅអនុស្ថានីយសួនច្បារសម្ដេច ហ៊ុន សែន មានប្រវែង 3.370km។
* ខ្សែបញ្ជូនអគ្គិនសីកប់ដីតង់ស្យុងខ្ពស់ 115kV ពីអនុស្ថានីយទី៣ ទៅអនុស្ថានីយពហុកីឡាដ្ឋានជាតិអូឡាំពិកមានប្រវែង 3.280 Km។
* ខ្សែបញ្ជូនអគ្គិសនីកប់ដីតង់ស្យុងខ្ពស់ 115kV ពីអនុស្ថានីយពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅអនុស្ថានីយសួនច្បារសម្ដេច ហ៊ុន សែន មានប្រវែង​ 3.400km។

៣៖ សាងសង់ខ្សែបណ្ដាញអគ្គិសនីកប់ដីតង់ស្យុងមធ្យម 22kV
* ខ្សែបណ្ដាញអគ្គិសនីកប់ដីតង់ស្យុងមធ្យម 22kV ជុំវិញអនុស្ថានីយនៅស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជា និងអនុស្ថានីយពហុកីឡាដ្ឋានជាតិអូឡាំ​ពិកមានប្រវែង 19.850km៕