(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តរក្សាភាពស្វាហាប់ ហើយត្រូវបាន ព្យាករទុកថា នឹងកើនល្បឿនរហូតដល់ទៅ ៦,៩ ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែការស្ទុះឡើងវិញ ក្នុងវិស័យនាំចេញវាយនភណ្ឌ និងសំលៀកបំពាក់ អមដោយការងើបឡើង របស់វិស័យទេសចរណ៍ និងកសិកម្មផងដែរ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានសម្ពោធនៅថ្ងៃទី១០ ខែឧសភានេះ បានឲ្យដឹងថា ចំណាយកាន់តែច្រើនឡើង របស់រដ្ឋាភិបាល និងលក្ខខណ្ឌ សេដ្ឋកិច្ចពិភពលោក មានអំណោយផល ក្នុងនោះរួមមាន តម្រូវការយ៉ាងស្វាហាប់ នៅក្នុងបណ្តាសេដ្ឋកិច្ចប្រទេសជឿនលឿងផង សុទ្ធតែជាកត្តា ដែលត្រូវបានគេរំពឹងទុកថា ជាមូលដ្ឋានទ្រទ្រង់ធ្វើឲ្យកម្ពុជា បន្តទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់។
យ៉ាងណាក៏ដោយរបាយការណ៍នេះបានកត់សម្គាល់ថា ហានិភ័យនៅតែបន្តមាន ហើយក្នុងនោះរួមមាន ការបាត់បង់បន្តិចម្តងៗ នូវភាពប្រកួតប្រជែង ក្នុងការនាំចេញដោយសារតែការកើនឡើងយ៉ាងរហ័ស នូវបៀវត្សរ៍ របស់កម្មករ ពំនូនគរនៃភាពងាយរងគ្រោះ ដែលមានមកជាយូរមកហើយ នៅក្នុងកំណើន នៃវិស័យអចលនទ្រព្យ និងសំណង់ ភាពមិនច្បាស់លាស់ ដែលអាចកើតមានជុំវិញការ បោះឆ្នោត ភាពរញ្ជួយម្តងម្កាល បណ្តាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើង នៅក្នុងវិវាទពាណិជ្ជកម្មរវាងប្រទេស ដែលមានការជំនួញធំៗ ក្នុងពិភពលោក។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា បានថ្លែងថា «ដើម្បីរក្សាឲ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជា សំខាន់ណាស់ ត្រូវវិនិយោគថែមទៀត ទៅលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ ហើយស្របពេលគ្នានោះដែរ ត្រូវប្រឹងរកដំណោះស្រាយ ដល់ឧបសគ្គនានា ដែលធុរកិច្ចធុនតូច និងមធ្យមកំពុងជួបប្រទះ។ ការវិនិយោគទៅលើមនុស្សជាជម្រើស ដ៏ប្រសើរបំផុតសម្រាប់ឈានទៅកាន់អនាគត មួយកាន់តែចម្រុងចម្រើន»។
របាយការណ៍នេះ បានធ្វើកត់សម្គាល់ថា ប្រទេសកម្ពុជាអាចធ្វើឲ្យកំណើនសេដ្ឋកិច្ច កាន់តែមានចម្រុះភាពជាងមុន និងបង្កើតការងារបានកាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយ ចំណាយរបស់ក្រុមហ៊ុន ទៅលើដំណើរការបំពេញបែបបទបង្កើតក្រុមហ៊ុន ទៅលើផ្នែកប្រតិបត្តិការ និងទៅលើការធ្វើហិរញ្ញប្បទាន។
របាយការណ៍នេះ ក៏បានផ្តល់ផងដែរ នូវអនុសាសន៍ឲ្យប្រទេសកម្ពុជា ធ្វើការតាមឃ្លាំមើលឲ្យបានដិតដល់ ទៅលើដំណើរស្ទុះឡើង នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយរៀបចំ ឲ្យមានគោលនយោបាយ ប្រុងប្រយ័ត្នជាលក្ខណៈម៉ាក្រូ ដែលនឹងជួយបន្ថយវិសាលភាព របស់សកម្មភាពដែលកេងយកចំណេញ នៅក្នុងវិស័យទាំងនេះ។
ការមកដល់របស់ភ្ញៀវទេសចរ បានកើនដល់ទៅ ១១.៨ភាគរយ នៅក្នុងឆ្នាំ២០១៧ ប្រៀបទៅនឹងកំណើន ៥ភាគរយនៅក្នុងឆ្នាំ២០១៦ ដោយសារលទ្ធផល នៃកិច្ចខិតខំរបស់ អាជ្ញាធររដ្ឋាភិបាល ក្នុងការធ្វើឲ្យមានការហោះហើរកាន់តែច្រើន មកពីក្នុងតំបន់ រួមទាំងពីប្រទេសចិនផង ដែលជាទីផ្សារសំខាន់មួយសម្រាប់វិស័យទេសចរណ៍។ វិស័យកសិកម្ម ក៏មានការស្ទុះឡើងដែរ ជាមួយនឹងការពង្រីកផ្ទៃដីធ្វើស្រូវ និងចម្ការកៅស៊ូ និងការងើបឡើងវិញបន្តិចម្តងៗ របស់តម្លៃកសិផល។
សូមបញ្ជាក់ថា បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ជារបាយការណ៍ដែលត្រូវបានរៀបចំឡើងពីរដង ក្នុងមួយឆ្នាំ សម្រាប់ផ្តល់ព័ត៌មានថ្មីៗបំផុត អំពីការ វិវត្តស្ថានភាពម៉ាក្រូ សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងរយៈពេលខ្លី និងក្នុងរយៈពេលមធ្យម៕