(មណ្ឌលគិរី)៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីពុលទឹកនៅស្រុកកែវសីម៉ា កាលពីយប់ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៨ (យប់មិញ) លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាទៅប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តមណ្ឌលគិរី ឲ្យដឹកនាំក្រុមមន្ត្រីរបស់ខ្លួន ចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ដើម្បីក្តាប់ព័ត៌មាន និងមូលហេតុនៃការពុល និងសហការជាមួយអង្គភាពពាក់ព័ន្ធ មានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរដែនដី ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន។
នៅព្រឹកនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានបញ្ជូនក្រុមមន្ត្រីជំនាញ និងមន្ទីរពិសោធន៍ចល័ត របស់វិទ្យាស្ថានស្តង់ដារ ឲ្យចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើតេស្តវិភាគទឹក ដែលត្រូវបានសង្ស័យថា បង្កឲ្យមានករណីពុលប្រជាពលរដ្ឋ នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ លទ្ធផលនៃការធ្វើតេស្ត នឹងធ្វើការជូនដំណឹង បន្ទាប់ពីការងារវិភាគត្រូវបានធ្វើរួចរាល់៕