(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី១០ ខែឧសភានេះ ក្រុមអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយចំនួន ៣គ្រឿងហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី០៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។ ប៉ុន្ដែអ្វីដែលពិសេសមុននេះបន្ដិច កីឡាករ ប៉ាល់ ជីវ័ន្ដ ម្ចាស់មេដាយប្រាក់ពិភពលោក បានសងសឹកកីឡាករកូរ៉េខាងជើង ដែលជាម្ចាស់ផ្ទះក្បាច់គុនតេក្វាន់ដូ ITF ដើម្បីឈ្នះមេដាយមាសជើងឯកអាស៊ីនេះតែម្ដង។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ប៉ាល់ ជីវ័ន្ដ ម្ចាស់មេដាយប្រាក់ពិភពលោក ដោយចាញ់កូរ៉េខាងជើងនៅពេលនោះ ឥឡូវបានសងសឹកឈ្នះកូរ៉េខាងជើងវិញហើយ ដោយបានមេដាយមាសមួយទៀតហើយ។ ភ្លេងជាតិខ្មែរយើងនឹងត្រូវបន្លឺឡើងអោយពិភពលោកដឹង» ។ ការប្រកាសបែបនេះ គឺបន្ទាប់ពីកីឡាករវ័យក្មេងកម្ពុជា ២រូប ដណ្ដើមបានមេដាយមាស១ និងមេដាយសំរឹទ្ធ ១ កាលពីព្រឹកមិញ។
សូមបញ្ជាក់ថា បេសកកម្មនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៤នាក់ទៅចូលរួមប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី ដែលចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ខណៈមាន ៤២ប្រទេសចូលរួម ។ ប៉ុន្ដែក្នុងចំណោមអត្តពលិករបស់កម្ពុជា គឺត្រូវប្រកួតលើ ៥វិញ្ញាសាប៉ុណ្ណោះ រួមមានវិញ្ញាសា Sparing Power B. Special T. Self-de 1-2 និង Self-de 1-3៕