(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការផងដែរ។
យោងតាមរបាយការណ៍ដដែរបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ ដែលធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៧០លើក ស្មើនឹង១៧% ស្លាប់ថយចុះ១២នាក់ ស្មើនឹង២% និងរបួសថយចុះចំនួន ២៣៤នាក់ ស្មើនឹង ១៦% ចំណែកការបើកបរហួសល្បឿនកំណត់ជាមូលហេតុចំបងដែលបណ្តាលឲ្យមានគ្រោះថ្នាក់ បន្ទាប់មកការមិនគោរពសិទ្ធិ និងការមិនប្រកាន់ស្តាំ។
សម្រាប់របាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៨ ធៀបនឹង ខែមេសាឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះ ៥៨លើកស្មើ១៦% ស្លាប់ថយចុះ១នាក់ ស្មើ១% និងរបួសថយចុះចំនួន ២០៩នាក់ ស្មើនឹង៣១%។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបណ្តាលមកពីការបើកបរហួសល្បឿនកំណត់។
លោកទេសរដ្ឋមន្រ្តីក៏បានកត់សម្គាល់ឃើញផងដែរថា ការប្រើប្រាស់ល្បឿនហួសកំណត់ក្នុងការបើកបរនៅតែជាមូលហេតុចម្បងដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយលោកក៏បានជំរុញឲ្យសមាជិកគណៈកម្មាធិការ បង្កើនការរិតបន្តឹងលើការបើកបរហួសល្បឿនកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រីបានបន្តថា «សព្វថ្ងៃនៅតែមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន មិនទាន់មានការគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេ ដូចជាការជិះទោចក្រយានយន្ត បញ្ជ្រាសទិសចរាចរណ៍ មិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ដែលបណ្តាលឲ្យស្លាប់ និងរបួស និងបានសំណូមពរសមាជិកគណៈកម្មាធិការឲ្យយកចិត្តទុកដាក់លើការបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍»។
លោកក៏បានថ្លែងអំណរគុណ និងការកោតសរសើរដោយស្មោះចំពោះសមាជិក សមាជិកាគណៈកម្មាធិការ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អថែមទៀត។
ក្នុងកិច្ចប្រជុំនេះដែរ បានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ នៃសកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០១៨ ស្តីពី ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលចងក្រងដោយគណៈកម្មាធិការ។ របាយការណ៍នេះផងដែរ បានផ្តោតសំខាន់ទៅលើបញ្ហាចំបងនានា ដែលទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និងឯកទេសជំនាញ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តន៍ច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត៕