(មណ្ឌលគិរី)៖ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុខនេះបន្តិចថា រហូតមកដល់ម៉ោងនេះ អ្នកពុលទឹកនៅស្រុកកែវសីមា បានកើនឡើងជាង៨០នាក់ហើយ។
សូមបញ្ជាក់ថា ករណីពុលទឹកនេះបានកើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ដំបូងឡើយមានតែឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ ប៉ុន្តែគិតត្រឹមម៉ោង១៖៣០នាទីថ្ងៃទី១០ ខែឧសភានេះ បានកើនឡើងដល់ជាង៨០នាក់។
សូមជម្រាបថា ករណីពុលទឹកនេះដែលនៅប៉ុន្មានថ្ងៃមុននេះ ក៏បានផ្ទុះឡើងផងដែរ នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់៕