(ភ្នំពេញ)៖ ក្រុមលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក១០នាក់ផ្សេងទៀតដែលដឹកនាំធ្វើកុបកម្មនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។
មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១១នាក់ ចន្លោះពី៧ឆ្នាំដល់២០ឆ្នាំ ដដែល។
ទោះបីយ៉ាងណា ក្រុមជនជាប់ចោទទាំងអស់មានសិទ្ធិប្តឹងសាទុក្ខបន្តទៀតទៅតុលាការកំពូល ប្រសិនបើមិនសុខចិត្តការសម្រេចរបស់សាលាឧទ្ធរណ៍ ។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១រូបចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំក្រោមការចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្មតាមមាត្រា៤៥៧នៃក្រមព្រហ្មទណ្ឌនិងបទដឹកនាំកុបកម្មតាមមាត្រា៤៥៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕