(ស្វាយរៀង)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀតបានថ្លែងថា ទង្វើអំពាវនាវឲ្យបរទេសឈប់ទិញទំនិញ ឈប់មកវិនិយោគ ឬឈប់ផ្តល់ជំនួយមកកម្ពុជា គឺជាទង្វើក្បត់ប្រយោជន៍ប្រជាជន ទង្វើបោកឆ្នាំងបាយប្រជាជន និងជាទង្វើគ្មានគុណធម៌។
ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបន្ដអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅឆ្នាំនេះរោងចក្របានកើនឡើង ប្រមាណ៥០រោងចក្រ ផ្តល់ការងារបន្ថែមដល់ប្រជាពលរដ្ឋ ប្រមាណ៣ម៉ឺនកន្លែង ហើយសមិទ្ធផលទាំងនេះ មិនមែនបានមកពីការស្រែករបស់បក្សប្រឆាំងនោះទេ ពោលពួកគេបានត្រឹមស្រែកទាមទារឲ្យបរទេសឈប់ទិញទិញរបស់កម្ពុជា ដែលជាការសម្លាប់ឆ្នាំងបាយរបស់កម្មករតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សមិទ្ធផលទាំងអស់នេះគឺបានមកពីការខិតខំ មិនមែនបានមកពីការស្រែករបស់ពួកប្រឆាំងទេ ពួកប្រឆាំងមានតែទៅស្រែក មួយញុះញង់កម្មករឲ្យបោះបោរ ទាមទារខុសរបៀប, ឯពីរទៅទាមទារឲ្យប្រទេសក្រៅកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញ ពីកម្ពុជារហូតទៅដល់ធ្វើអំពើក្បត់ជាតិ ដែលហ៊ានទៅបំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ តាមរយៈទៅនិយាយជាមួយប្រទេសក្រៅឈប់ទិញទំនិញពីកម្ពុជា»។
សម្ដេចនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ពួកប្រឆាំងបានប្រកាសទទួលជោគជ័យ ប្រសិនបើបរទេសឈប់ទិញទំនិញពីប្រទេសកម្ពុជា ដែលសម្ដេចបានចោទសួរថា គោលបំណងនេះដើម្បីអ្វីទៅ? ដែលទង្វើទាំងអស់នេះ មិនបានសម្លាប់សម្ដេចនោះទេ នៅពេលដែលរោងចក្រត្រូវបានបិទ ពោលមានតែសម្លាប់កម្មករ កម្មការិនីតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សម្ដេចបានប្រាប់ទៅកាន់កម្មករ កម្មការិនីទាំងអស់ថា ប្រសិនបើចង់បានការងារធ្វើដូចសព្វថ្ងៃ ចង់បានប្រាក់បៀវត្សរ៍កើនឡើងជារៀងរាល់ឆ្នាំ ដាច់ខាត់ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍន៍នេះគ្រាន់តែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទៅបានហើយ។
សម្ដេចបន្ថែមថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនោះ សម្ដេចបានប្រៀបធៀប សម្តេចទៅនឹងអ្នកបើកបររថយន្ត ដែលមានបទពិសោធន៍ច្រើនឆ្នាំ ធានាមិនឲ្យមានគ្រោះថ្នាក់នោះទេ ខុសពីក្រុមមួយចំនួនដែលតែងតែអួងក្អែងក្អាង ប៉ុន្ដែពេលមានបញ្ហារត់ចោលប្រជាជនបាត់ស្រមោល៕