Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញា ដឹកនាំកម្លាំងសមត្ថកិច្ច ចុះឆែកឆេរផ្ទះ២ល្វែង នៅខណ្ឌសែនសុខ រកឃើញស្បែក និងឆ្អឹងសត្វព្រៃមានតម្លៃជាច្រើនគីឡូក្រាម (Video inside)

10-05-2018 13:02

(ភ្នំពេញ)៖ ក្រុមប្រតិបតិ្ដការចល័តរដ្ឋបាលព្រៃឈើ និងកងកម្លាំងរាជអាវុធហត្ថ រួមសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ក្រោមការដឹកនាំបញ្ជាពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះប្រតិបត្តិការ ឆែកឆេរផ្ទះប្រជាពលរដ្ឋ ចំនួន២ល្វែង នៅមុខផ្សារដីហុយ ខណ្ឌសែនសុខ ដោយបានរកឃើញស្បែក និងឆ្អឹងសត្វព្រៃមានតម្លៃជាច្រើនគីឡូក្រាម។

ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ថា ជាលទ្ធផលក្នុងការចុះឆែកឆេរ ផ្ទះ២ល្វែងនេះ កម្លាំងសមត្ថកិច្ច បានរកឃើញសំណល់ស្បែកខ្លា, ឆ្អឹងខ្លា, កន្ទុយខ្លា, ភ្លុកដំរី និងកម្ទេចកម្ទីសត្វព្រៃ មានតម្លៃជាច្រើនប្រភេទ ដែលសរុបទាំងអស់ ជាច្រើនគីឡូក្រាម។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាម្ចាស់ផ្ទះល្វែងទាំង២ទីតាំង យកទៅសួរនាំ ដកហូតម៉ូតូមួយគ្រឿង និងបានបិទទ្វារផ្ទះទាំង២ខាងលើនេះ ជាបណ្ដោះអាសន្នផងដែរ។

ដោយឡែកសម្រាប់សម្ភារវត្ថុតាង ដែលកម្លាំងសមត្ថកិច្ច ធ្វើការដកហូត ត្រូវបានយកទៅឲ្យអង្គភាពប្រតិបត្តិការ អន្ដរាគមន៍បង្ក្រាបបទល្មើស ព្រៃឈើចល័ត ជាអ្នករក្សាទុក រង់ចាំចំណាត់ការទៀត៕