(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ វគ្គសន្សំពិន្ទុជើងទី១ នៅសប្ដាហ៍ទី៧ និងសប្ដាហ៍ទី៨ សរុបចំនួន ៥ប្រកួត ដែលត្រូវធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិ នឹងត្រូវផ្លាស់ប្ដូរទីលានថ្មី ដើម្បីទុកកន្លែងរៀបចំការប្រកួតកីឡាជាតិ «National Games» លើកទី២ នាថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។
សេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ថា ការប្ដូរទីលានប្រកួតពីពហុកីឡដ្ឋានជាតិរួមមាន៖ សប្ដាហ៍ទី៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ក្រុមសូលទីឡូអង្គរ ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៣រសៀល មុនក្រុមក្រសួងការពារជាតិ ជួបណាហ្គាវើល នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្ដាតចាស់ដូចគ្នា។ ចំណែកថ្ងៃទី២៧ ខែឧសភា គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមវិសាខា ត្រូវប្ដូរទៅប្រកួតនៅកីឡដ្ឋាន AEU Sport Park វិញ។ សប្ដាហ៍ទី៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ក្រុមបឹងកេត ត្រូវជួបអង្គរថាយហ្គឺរ នាវេលាម៉ោង ៣រសៀល មុនក្រុមណាហ្គាវើល ប៉ះវិសាខា នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្ដាតចាស់ដូចគ្នា។
គួរបញ្ជាក់ថា ជុំវិញការផ្លាស់ប្ដូរទីលានប្រកួតនេះ ដោយសារការប្រកួតកីឡាជាតិ លើកទី២ ត្រូវរៀបចំលើទីលានពហុកីឡដ្ឋានជាតិរយៈពេល ១១ថ្ងៃពេញ ចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនាខាងមុខ ដោយមានកីឡា ២៧ប្រភេទចូលរួម។ ប៉ុន្ដែអ្វីដែលពិសេស សម្រាប់ពិធីបើក-បិទ នៃព្រឹត្តិការណ៍ដកស្រង់បទពិសោធន៍ និងបច្ចេកទេស ឆ្ពោះទៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នេះ តាមគម្រោងនឹងទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង៕