(ក្រចេះ)៖ ដោយទទួលបញ្ជាផ្ទាល់ ពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ រហូតមកទល់ពេលនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះសហការជាមួយអាជ្ញាធរខេត្តក្រចេះ ក៏ដូចជាក្រុមហ៊ុនផលិតទឹកស្អាត គីម ម៊ិច ក្រុងក្រចេះ និងក្រុមហ៊ុនស្រាបៀរកម្ពុជា របស់លោកឧកញ៉ា លាង ឃុន បានដឹកទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកពិសារបរិសុទ្ធ ចំនួនរាប់ម៉ឺនលីត្រ យកទៅផ្គត់ផ្គង់ ដល់បងប្អូនប្រជាពលរដ្ឋរាប់សិបគ្រួសារ រស់នៅតំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមីនៅក្នុងទឹកព្រែកទេ ហើយសកម្មភាពនេះ នឹងបន្តធ្វើជាបន្តបន្ទាប់ រហូតស្ថានភាពទឹកព្រែកទេ វិលទៅរកភាពប្រក្រតីឡើងវិញ។
គួររំឭកផងដែរថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បន្ទាប់ពីការធ្វើតេស្តវិភាគ ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា រកឃើញសារធាតុគីមីនៅក្នុងស្រាស និងនៅក្នុងទឹកព្រែកទេរ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការធ្វើតេស្តវិភាគសារធាតុគីមី ជាសាធារណៈ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងព្រែក និងដៃព្រែកទេ បញ្ឈប់ការពិសាស្រាស និងអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តក្រចេះ ដោយបញ្ឈប់ប្រើប្រាស់ទឹកព្រែកទេ និងទឹកតាមដៃព្រែកទេ ជាបណ្តោះអាសន្នសិន ហើយរង់ចាំក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យ ស្រាវជ្រាវ និងដកហូតស្រាដែលមានជាតិពុល និងពិនិត្យឃើញថា ទឹកក្នុងព្រែកទេ ត្រូវបានសាបអស់ជាតិពុលសិន បន្ទាប់មកក្រសួង និងអាជ្ញាធរមូលដ្ឋាន នឹងជូនដំណឹងតាមក្រោយ។
សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ក្រុមមន្ត្រីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអាជ្ញាធរខេត្តក្រចេះ កំពុងប្រចាំការនៅទីតាំងនៃតំបន់រងគ្រោះ ដោយសារសារធាតុគីមី ក្នុងទឹកព្រែកទេនិងតំបន់ជុំវិញ ក៏ដូចជានៅតាមបណ្តោយព្រែកទេ ដើម្បីបន្តការស្រាវជ្រាវ និងរុករកពីប្រភព និងមូលហេតុ ដែលបង្កឲ្យមានជាតិគីមី នៅក្នុងទឹកព្រែកទេ៕