(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំមួយ ឱ្យសាធារណជនទាំងទូទាំងប្រទេស តាមដានព័ត៌មាន នៃការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធបញ្ហាសុខភាព លើគេហទំព័រមួយរបស់ខ្លួន ក្រោយផ្ទុះករណីពុលទឹក និងស្រាស ជាបន្តបន្ទាប់។ គេហទំព័រនោះគឺ www.cdcmoh.gov.kh ។
នៅក្នុងសេចក្តីណែនាំនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកថ្មីៗនេះ មានហេតុការណ៍ពុលទឹក ពុលស្រាស ដែលមានជាតិមេតាណុលខ្ពស់ ដោយសារការផលិតមិនមានបច្ចេកទេសត្រឹមត្រូវ និងទឹកព្រែកតេ និងអូរគគី ដែលមានកំហាប់ជាតិគីខ្ពស់ ដែលបណ្តាលមកពីការបាញ់ថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត បានកើតឡើងនៅភូមិស្រែនន និងភូមិងាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។
ដូច្នេះក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១៖ បញ្ឈជាបណ្តុះអាសន្ន នូវការប្រើប្រាស់ និងបរិភោគទឹកដែលយកចេញពីព្រែកតេ និងអូរគគី
២៖ ប្រើបា្រស់ទឹកស្អាតដែលបានផ្គត់ផ្គង់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋានរបស់លោកអ្នក ហើយត្រូវពិសារទឹកស្អាតល្អ និងទឹកឆ្អិនជានិច្ច
៣៖ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ដែលមានការណែនាំពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចៀសវាងការប្រើប្រាស់ហួសជាតិពុលទាំងនោះចូលក្នុងទឹកទន្លេ ស្ទឹង ព្រែក បេងបួរ។ល។
៤៖ មិនត្រូវបោះ ឬបង្ហូរកាកសំណល់ដែលមានសារធាតុគីមី នៅក្នុងទឹកទន្លេ ស្ទឹង អូរ បឹងបួរ នោះជាដាច់ខាត
៥៖ មិនត្រូវទិញ និងបរិភោគស្រាស ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដាច់ខាត
៦៖ ត្រូវបញ្ឈប់ជាដាច់ខាតនូវការលក់ស្រា ស ឬចរាចរស្រា ស ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ
៧៖ ត្រូវលាងដៃនឹងសារប៊ូឱ្យបានត្រឹមត្រូវ មុនពេល អំឡុងពេល និងក្រោយពេលរៀបចំម្ហូបអាហារ មុនពេលបរិភោគ និងក្រោយបន្ទោរបង់
៨៖ ត្រូវលាងសំអាតបន្លែ ផ្លែឈើឱ្យបានស្អាតជាមួយទឹកមុនបរិភោគ
៩៖ ត្រូវសំអាតសម្ភារប្រើប្រាស់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ
១០៖ ត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត កំបរិភោគសាច់សត្វដែលឈឺ ឬងាប់ឱ្យសោះ
១១៖ ត្រូវទុកដាក់សាច់បន្លែ ផ្លែឈើ និងចំណីអាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា
១២៖ កមរក្សាចំណីអាហារក្នុងកំដៅធម្មតាលើសពី០២ម៉ោង និងមិនត្រូវរក្សាទុកចំណីអាហារច្រើនថ្ងៃ
ក. បើយើរក្សាទុកចំណីអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព០៥អង្សាសេ
ខ. បើយើងរក្សាទុកចំណីអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឱ្យលើពីសីតុណ្ហភាព៦០អង្សាសេ
១៣៖ កំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
ប្រសិនមានបញ្ហាសុខភាពដូចជា៖ ឈឺក្បាល ក្អូត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ជាដើមសូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់អ្នក៕
សម្រាប់ព័ត៌មានំអិតសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖