(ភ្នំពេញ)៖ រថយន្ដគ្លីនិកចល័តចំនួន២០គ្រឿងលើកដំបូង ដែលជាជំនួយឥតសំណងរបស់មិត្ដចិន បានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជាហើយ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ដែលប្រព្រឹត្ដឡើងនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ។
ក្នុងពិធីប្រគល់-ទទួលរថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ក្នុងចំណោមរថយន្តគ្លីនិកចល័ត៤០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្ដចិន ដែលតែងតែបន្ដផ្ដល់ជំនួយឥតសំណងមកកម្ពុជា ពិសេសលើវិស័យសុខាភិបាល ដើម្បីចូលរួមចំណែកលើកម្ពស់សុខភាពប្រជាជនកម្ពុជា ។
រដ្ឋមន្ដ្រីបន្ដថា «ដោយមានគំនិតផ្តួចផ្តើមរបស់មេដឹកនាំកំពូលប្រទេសយើងទាំងពីរគឺ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងលោក ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លិខិតប្តូរសារ ស្តីពីការផ្តល់គ្លីនិកចល័តចំនួន៤០គ្រឿង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការផ្គត់ផ្គង់រថយន្តគ្លីនិកចល័តនេះ ត្រូវបានធ្វើជាពីរដំណាក់កាល គឺដំណាក់កាលទី១ ភាគីមិត្តចិនប្រគល់ចំនួន២០គ្រឿង ឲ្យក្រសួងសុខាភិបាលនាពេលនេះ។ រីឯ២០គ្រឿងទៀត ភាគីមិត្តចិននឹងផ្តល់ជូនក្នុងតំណាក់កាលទី២ នៅពេលវេលាសមស្រប បន្ទាប់ពីទទួលបានព័ត៌មានត្រឡប់ពីការប្រើប្រាស់រថយន្តគ្លីនិកចល័តទាំង២០គ្រឿងនៃដំណាក់កាលទី១ ហើយរថយន្តចំនួន២០គ្រឿង ក្នុងតំណាក់កាលទី២ នឹងត្រូវបានបញ្ជូនមកយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨» ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា រថយន្តគ្លីនិកចល័តនេះ ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យ មានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារៈបរិក្ខារពេទ្យទាំងអស់។
គ្លីនិកចល័តទាំងនេះ នឹងត្រូវបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ដែលនឹងចូលរួមចំណែកបង្ខិតសេវាសុខាភិបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ មន្ដ្រីប្រចាំមន្ទីរសុខាភិបាលរាជធានី-ខេត្ត ក៏បានប្ដេជ្ញាខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកសមត្ថភាព ក្នុងការប្រើប្រាស់នូវរថយន្ដគ្លីនិកចល័តនេះ ឲ្យមានតម្លាភាពខ្ពស់ ជួយដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព និងឆាប់រហ័ស ។
ព្រមជាមួយគ្នា អគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក សុង បូ បានថ្លែងថា ដើម្បីដោះស្រាយនូវបញ្ហាលំបាកក្នុងការពិនិត្យព្យាបាលជំងឺ របស់ប្រជាជនកម្ពុជា តាមតំបន់ដាច់ស្រយាល រដ្ឋាភិបាលចិន បានប្រឹងប្រែង អនុវត្ដន៍គម្រោងរថយន្ដគ្លីនិកចល័ត ជួយដល់កម្ពុជា ដោយធ្វើការកែច្នៃរថយន្ដគ្លីនិកចល័តពិសេស ចំនួន៤០គ្រឿង ទៅតាមសភាពការណ៍ និងតំរូវការជាក់ស្ដែងរបស់កម្ពុជា ។ខាងក្នុងរថយន្ដនេះ មានបំពាក់នូវសម្ភារ:ព្យាបាលទំនើប ចំនួន៧ផ្នែក និង២២ប្រភេទ អាចព្យាបាលជំងឺទូទៅគ្រប់ប្រភេទ ក្នុងការបំពេញតំរូវការរបស់អ្នកជំងឺបាន ។
លោក សុង បូ បញ្ជាក់ទៀតថា ដើម្បីឲ្យការប្រើប្រាស់រថយន្ដគ្លីនិកចល័តវគ្គដំបូងមានប្រសិទ្ធិភាព ក្រុមអ្នកជំនាញវេជ្ជសាស្ដ្រចិន នឹងទៅជួយព្យាបាលជាមួយផងដែរ ដែលមាននៅភ្នំពេញ កំពង់ចាម ខេត្ដបាត់ដំបង នាពេលឆាប់ៗខាងមុខនេះ ។
លោកបន្ថែមថា «យើងសប្បាយរីករាយណាស់ ដែលបានឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយទទួលបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ ។ក្នុងនាមជាមិត្ដជិតខាងល្អចិន បន្ដគាំទ្រយ៉ាងមុតមាំ ចំពោះការដើរលើផ្លូវអភិវឌ្ឍ និងទទួលជោគជ័យនៅគ្រប់ភារកិច្ច» ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ភាគីមិត្ដចិន បានផ្ដល់ជំនួយឥតសំណងជាច្រើនរួមមាន៖ រថយន្ដគ្លីនិកចល័ត ៤០គ្រឿង, សាងសង់មន្ទីរពេទ្យមិត្ដភាពខ្មែរ-ចិន នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យត្បូងឃ្មុំ ហើយកន្លងមក ចិនផ្ដល់នូវរថយន្ដជួយសង្គ្រោះ២០០គ្រឿង និងឧបរករណ៍អេកូ២០០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋកម្ពុជា ។នេះជាចំណងមិត្ដភាពដ៏មានសារៈប្រយោជន៍ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ៕