(តាកែវ)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើលិខិតមួយច្បាប់ជូនលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ឲ្យឆ្លើយបំភ្លឺមកក្រសួង ចំពោះករណី ប្រជាពលរដ្ឋចំនួន ៥៦គ្រូសារ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ២ កែងផ្លូវលេខ២៤ និងផ្លូវលេខ២៩ ដែលបានប្ដឹងលោកប្រធានសូរិយាដីក្រុងដូនកែវ ហ៊ួត ប៊ុនលីម ទៅលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ពាក់ព័ន្ធការចេញ ប្លង់កម្មសិទ្ធិមិនប្រក្រតី លើដីផ្លូវសាធារណៈមួយកន្លែង ទៅឲ្យថៅកែសាំងម្នាក់នៅក្នុងក្រុងដូនកែវ។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ដែលចុះហត្ថលេខាដោយលោក លឹម វ៉ាន់ រដ្ឋលេខាធិការតំណាងឲ្យលោករដ្ឋមន្រ្តី ជា សុផារ៉ា បានជម្រាបមកលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីថា «ក្រសួងបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន៥៦គ្រូសារ ដែលសុំប្ដឹងឈ្មោះ ហ៊ួត ប៊ុនលីម ប្រធានសូរិយាដីក្រុងដូនកែវថា បានចេញប្លង់កម្មសិទ្ធិលើដីសធារណៈទៅឲ្យឈ្មោះ ណុប ម៉ារីយ៉ាន និងឈ្មោះ នួន ផុន នៅចំណុចផ្លូវជាតិលេខ២កែងច្រមុះជ្រូក ផ្លូវលេខ២៤ និងផ្លូវលេខ២៩ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ»។
លិខិតបន្តថា «បើយោងតាមពាក្យបណ្ដឹងខាងលើ និងចំណារបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨កន្លងមក ក្រសួងសូមស្នើលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរយោដី ខេត្តតាកែវ រាយការណ៍បំភ្លឺ»។
ទាក់ទង់ទៅនិងលិខិតរបស់ក្រសួងនេះ លោក នួន សុធា បានថ្លែងប្រាប់ Fresh News ថាលោកបានបំភ្លឺរួចហើយទាក់ទងទៅនិងលិខិតក្រសួង ដែលផ្ញើមកលោក ពាក់ព័ន្ធពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៥៦គ្រូសារនេះ។
បើយោងតាមប្រជាពលរដ្ឋម្នាក់តំណាងឲ្យប្រជាពលរដ្ឋទាំង៥៦គ្រូសារ បានសំដែងនូវក្ដីរំពឹងថា បន្ទាប់ពីប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ បំភ្លឺដល់ក្រសួងហើយ ក្រសួងនឹងចាត់មន្រ្តីចុះមកពិនិត្យ និងសាកសួរប្រជាពលរដ្ឋ និងអាជ្ញាធភូមិសង្កាត់ផ្ទាល់តែម្ដង ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាក់ជាពុំខាន។
ប្រជាពលរដ្ឋយល់ថា លោកប្រធានមន្ទីរពិតជាធ្វើការបំភ្លឺទៅក្រសួងដោយការពារលោក ហ៊ួត ប៊ុនលីម ម្យ៉ាងទៀត ក្រៅពីពិនិត្យករណីចេញប្លង់មិនប្រក្រតីខាងលើ ក្រសួងគួតែចុះមកធ្វើអធិការកិច្ច លើការចេញប្លង់កម្មសិទ្ធិមិនប្រក្រតីមួយចំនួន នៅចំណុចបឹងតាកែវ និងដីបឹងខាងកើតក្រុងដូនកែវ ដែលជាដីរបស់រដ្ឋទៅឲ្យក្រុមអ្នកមានលុយមួយចំនួន ដោយមានការឃុបឃិតពីសំណាក់មន្រ្តី សូរិយាដីមួយចំនួនផងដែរ។
យោងតាមពាក្យបណ្ដឹងទៅលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ក្រុមប្រជាពលរដ្ឋទាំង៥៦គ្រូសារ បានអះអាងថា ដីដែលលោកប្រធានភូមិបាលក្រុងដូនកែវ ចេញប្លង់កម្មសិទ្ធិនេះ ត្រូវបានលោកចៅសង្កាត់រកាក្រៅ ធ្វើលិខិតបញ្ជាក់អះអាងថា ជាដីសាធារណៈរបស់រដ្ឋ និងមានប្រព័ន្ធលូទឹកស្អុយហូខ្វាត់ខ្វែង ពីផ្ទះប្រជាពលរដ្ឋចូលមកក្នុងលូដីសាធារណៈនេះ។ ម្យ៉ាងទៀត ដីសាធារណៈនៅចំណុចនេះ ត្រូវបានអភិបាលខេត្តមុនៗ បានបដិសេដមិនឲ្យមានការចេញប្លង់កម្មសិទ្ធិថែមទៀតផង។
ពាក្យបណ្ដឹងប្រជាពលរដ្ឋ បានបន្តថា បើទោះបីជាអភិបាលខេត្តច្រើនជំនាន់ បានបដិសេដមិនចេញប្លង់កម្មនសិទ្ធិលើដីសាធារណៈ ដែលមានប្រព័ន្ធលូខ្វាត់ខ្វែង យ៉ាងណាក៏ដោយស្រាប់តែនៅខែមករា ឆ្នាំ២០១៨ លោក ហ៊ួត ប៊ុនលីម ប្រធានភូមិបាលក្រុងដូនកែវ បានចេញប្លង់កម្មសិទ្ធិមិនប្រក្រតីមួយ ទៅឲ្យប្ដីប្រពន្ធខាងលើ ដោយអាថកំបាំង និងបានចេញច្បាប់អនុញ្ញាតឲ្យសាងសង់សំណង់ជាច្រើនជាន់នៅលើដីនេះ ដែលនាំឲ្យមានការប្រឆាំងជំទាស់តវ៉ា ពីប្រជាពលរដ្ឋជាច្រើនគ្រូសារនៅតំបន់នោះ៕