(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ធ្វើពិធីបំពាក់កន្សែងយុវជន កាកបាទក្រហមកម្ពុជា និងប្រកាសទទួលស្គាល់យុវជនកាកបាទក្រហម៥២នាក់ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនមេមត់ នៅខេត្តត្បូងឃ្មុំ ។

លោក លី ឡេង បានលើកឡើងថា យុវជនគឺជាសសរទ្រូងប្រទេសជាតិ ជាទំពាំងស្នងឫស្សី ហើយឫស្សីដែលល្អ ពិតជាមិនអាចខ្វះបាន នូវបេះដូងមនុស្សធម៌នៅក្នុងខ្លួននោះឡើយ ហើយលោកក៏បានកោតសរសើរ ដល់យុវជន ដែលជាទំពាំងដ៏ល្អ សម្រាប់ស្នងឫស្សីនេះ លះបង់ ពេលវេលា កម្លាំងកាយចិត្ត ចូលរួមបម្រើក្នុងវិស័យមនុស្សធម៌ រួមចំណែកក្នុងការចូលរួម ជួយការងារមនុស្សធម៌ដល់សង្គមជាតិ និងជាគំរូដ៏ល្អសម្រាប់យុវជនដទៃទៀតផងដែរ។

លោក លី ឡេង បានឲ្យដឹងទៀតថា ខេត្តត្បូងឃ្មុំ រៀងរាល់ឆ្នាំតែងតែមានគ្រោះមហន្តរាយកើតមានឡើង ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើសកម្មភាពចុះចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការ នយោបាយ ពណ៌សម្បុរ និងសាសនាឡើយ ដោយក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានការបាទក្រហមកម្ពុជា បានធ្វើឲ្យវិស័យមនុស្សធម៌នេះ មានសម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង។

លោក លី ឡេង បានបន្ថែមថា កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជានាពេលនេះ គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម» ៕