(កំពង់ធំ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សុខភាព អ្នកប្រើតាមរយៈចំណីអាហារ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ នៅផ្សារតាំងគោក ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារតាំងគោក រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។
ចំពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារបានរកឃើញផលិតផលមួយចំនួនហួសកាលបរិច្ឆេទ និងខូចគុណភាព ដូចជា ស្រាបៀរលីអូ ចំនួន៨កំប៉ុង ដំណាប់ពុទ្រា ចំនួន៤គីឡូក្រាម ស្ករគ្រាប់១៣កញ្ចប់ គ្មានប្រភពច្បាប់លាស់ភេសជ្ជៈ ម៉ាក RedBullចំនួន៧០ដប ទឹកដោះគោ ម៉ាក OMEGA ចំនួន២៦ប្រអប់ និងទឹកផ្លែឈើ ចំនួន១០ដប បានធ្វើកំណត់ហេតុដកហូត យកទុកដុតកំទេចចោល ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នាពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្ម និងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារមាន សុវត្ថិភាព ដល់ការបរិភោគជាដើម។
មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕