(ភ្នំពេញ)៖ មន្ដ្រីរាជការក្រសួងរ៉ែ និងថាមពលចំនួន១១២នាក់ ក្នុងនោះស្ដ្រី៣៤នាក់ ត្រូវបានប្រកាសតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចថ្មី ជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ។
ពិធីប្រកាសតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចថ្មី ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ស៊ុយ សែម ប្រាប់ទៅមន្ដ្រីដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវខិតខំរៀនសូត្រ នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ផ្សេងទៀត ដើម្បីបង្កើននូវសមត្ថភាព ក្នុងការបំពេញបេសកកម្មបម្រើការងារ ជូនប្រជាពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈជាមន្ត្រីរាជការ ដោយគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួន។
បើតាមលោករដ្ឋមន្ដ្រី ការប្រគល់តួនាទីថ្មីនេះ គឺជាការលើកទឹកចិត្ត និងតបស្នងដល់ការខិតខំប្រឹងប្រែង បំពេញការងារនាពេលកន្លងមក ហើយលោកក៏សុំការយោគយល់ និងអធ្យាស្រ័យចំពោះមន្ដ្រីរាជការផ្សេងទៀត ដែលមិនបានឡើងតំណែង ឬតួនាទីថ្មី ប៉ុន្ដែនេះមិនមែនជាការរើសអើស ឬប្រកាន់បក្ខពួកអ្វីនោះទេ ដោយគ្រាន់តែមិនទាន់ដល់ពេលសម្រាប់អ្នកផ្សេងតែប៉ុណ្ណោះ។
តំណាងមន្ដ្រីរាជការជាង១១០នាក់ ដែលទើបតែប្រកាសឡើងកាន់តំណែង បានប្តេជ្ញាចិត្តស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាលគោរព និងខិតខំអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បន្តនិរន្តរភាពការងារ ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍឲ្យមានការរីចម្រើនថែមទៀត និងប្តេជ្ញាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង៕