(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាព ដើម្បីតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋបានប្រើប្រាស់ នៅក្នុងភូមិទាំង៨ នៃសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ នៅមិនទាន់មានទឹកម៉ាស៊ីនប្រើប្រាស់នៅឡើយ ចាប់តាំងពីកាត់ពីខេត្តកណ្តាល មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋប្រមាណជិត២០០០គ្រួសារ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងមូលនឹងមានទឹកប្រើប្រាស់នៅដើមឆ្នាំ២០១៩ខាងមុខហើយ។
បន្ទាប់មកលោក ឃួង ស្រេង ក៏បានចុះពិនិត្យប្រឡាយទួលពង្រ២ ដោយបានឲ្យអាជ្ញាធរខណ្ឌ កាយដីដែលបានចាក់បិទមុខទឹក និងបានដាក់លូមុខកាត់ធំជាងមុនផងដែរ៕