(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៤ព្រឹកទាបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង នៅផ្លូវ២១៩ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយភ្លើងឆេះលើរបងឃ្លាំង គាត់ក៏បានទាញទុយោទឹកទៅបាញ់តែបាញ់ពុំឈ្នះ ហើយភ្លើងក៏ចាប់ផ្តើមឆេះទៅដល់កេះឡាំង ដាក់គ្រឿងរថយន្ត ហើយឆេះឆ្លងដល់រថយន្តនៅក្បែរនោះបណ្តាលឲ្យឆេះយ៉ាងខ្លាំងតែម្តង។
ក្រោយពេលកើតហេតុ រូបគាត់បានធ្វើការទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះអន្តរាគមន៍ដើម្បីបាញ់ទប់ស្កាត់។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកអន្តរាគមន៍បាញ់ពន្លត់ លុះក្រោយមកបន្តិចទៀតក៏មានរថយន្តមកពីកងពលតូចលេខ៧០ បានមកជួយអន្តរាគមន៍ផងដែរ។
នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកអន្តរាគមន៍ពន្លត់បង្កគ្រោះអគ្គីភ័យ មកដល់កន្លែងបានអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ តែដោយសារតែស្ថានភាពអគ្គីភ័យខ្លាំងពេក ទើបធ្វើឲ្យការអន្តរាគមន៍នោះពិបាកក្នុងការបាញ់ពន្លត់ ដោយសារតែទីតាំងខាងលើនេះពិបាកចូលទៅខាងក្នុង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ទីតាំងដែលត្រូវបានអគ្គីភ័យឆាបឆេះនោះ មានឃ្លាំងស្តុបលក់គ្រឿងបន្លាស់រថយន្ត២ឃ្លាំង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង, ផ្ទះល្វែងចំនួន២ថ្មក្រោមឈើលើ, ផ្ទះឈើចំនួន២ខ្នង និងគ្មានមនុស្សរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ ចំណែកឯសម្ភារៈខូចខាតមានរថយន្តទំនើបៗចំនួន ៤គ្រឿង Audi, Land Cruiser, Rang Rover, Camry និងម៉ូតូចំនួន ២គ្រឿង គិតជាទឹកប្រាក់រាប់សែនដុល្លារ។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ៤៣គ្រឿង ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរថយន្តពន្លត់របស់អង្គភាព (ង៧០)៕