(មណ្ឌលគិរី)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ដោយនៅក្នុងនោះ ប្រមូលថវិកាពីសប្បុរសជនបាន៦៤៩៥០ដុល្លារ និងប្រាក់រៀលចំនួន១០២.១៣២.២០០រៀល ចំនួននេះជាតួលេខបឋម។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា និងមានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្ត និងវត្តមានចូលរួមរបស់ព្រះសង្ឃ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត ព្រមទាំងសប្បុរសជនជាតិ និងអន្តរជាតិជាច្រើនរយនាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានលើកឡើងថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចតែងយកចិត្តទុកដាក់ប្រារព្ធទិវាពិភពលោក ៨ឧសភា ដ៏មានអត្ថន័យឧត្តុង្គឧត្តមនេះ ជារៀងរាល់ឆ្នាំទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់សាខាផងដែរ។ ចំពោះឆ្នាំ២០១៨ នេះ ប្រធានបទ ៨ ឧសភាគឺ«កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល»។
បើតាមលោក ស្វាយ សំអ៊ាង បានថ្លែងថា ជាក់ស្ដែងសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាឆ្នាំ២០១៧-២០១៨ នេះបានជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ដែលបានកើតទ្បើងធ្វើឲ្យពលរដ្ឋរងគ្រោះចំនួន៣៩៨គ្រួសារ ដែលត្រូវចំណាយថវិកា អស់១៧៩.១០០.០០០រៀល រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗរបស់កាកបាទក្រហមខេត្ត។
លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះវត្តមាន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងវត្តមានលោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងការបរិចា្ចគនូវធនធានផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្ត ចូលរួមក្នុងចលនាមនុស្សធម៌នេះ ជាកម្លាំងចលករទ្រទ្រង់កាកបាទក្រហមកម្ពុជា នៃយើងបន្តសកម្មភាពបោះជំហ៊ានឈានឆ្ពោះទៅមុខជានិច្ច ក្នុងសកម្មភាពដ៏ប្រពៃក្នុងការជួយសង្រ្គោះប្រជាជនខ្មែរ ទូទាំងប្រទេសរងគ្រោះនិងងាយរងគ្រោះក្នុងករណីផ្សេងៗឬគ្រោះធម្មជាតិ៕