(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារពុលស្រា និងទឹក នៅឃុំកន្ទួត ស្រុកចិត្របុរីជិត៣០០នាក់ បានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញស្ទើរតែទាំងអស់ហើយ ពោលនៅសល់តែ៣នាក់ ទៀតប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានថ្លែងថា «នៅពេលនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារពុលនោះ បានចេញពីមន្ទីរពេទ្យស្ទើរតែអស់ហើយ គឺនៅសល់តែ៣នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាល។ ជាមួយគ្នានេះកម្លាំងនគរបាលរបស់យើង សហការជាមួយអាជ្ញាធរ បានជួយដឹកពួកគាត់ឲ្យត្រឡប់ទៅផ្ទះវិញផងដែរ»

ករណីពុលដែលបណ្តាលឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺយ៉ាងដូច្នេះ ត្រូវបានក្រសួងសុខាភិបាល បានបញ្ជាក់ពីលទ្ធផលនៅមន្ទីរពិសោធន៍ថា បណ្តាលមកពីពុលស្រាស និងទឹកព្រែកទេ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ឆ្លងកាត់ការពិសោធន៍រកឃើញថា៖

១៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តលើសំណាកទឹក ឃើញថា មានជាតិពុលដែលបណ្តាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិតហូរចូលក្នុងព្រែកតេ និងអូរគគីរ មានលើសពីកម្រិតស្តង់ដាររហូតដល់ពី ១២.៣៩ppd ដល់ ២៦.១២ppb (ppb: part per billion= microgram per liter) ដែលកំហាប់សរុបមិនត្រូវលើសពី ០.៥ppd ឡើង (ស្តង់ដារអឺរ៉ុប)។

២៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តពិសោធន៍លើសំណាកស្រា ស ឃើញថា មានជាតិមេតាណុលខ្ពស់ លើសកម្រិតរហូតដល់១៤.៩ភាគរយ ដែលធ្វើឲ្យពុលខ្លាំង ដែលមានកម្រិតមិនពុលនោះមិនត្រូវលើសពី០.១ភាគរយឡើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ និងសន្និដ្ឋានថា «អ្នកដែលមានរោគសញ្ញាស្របតាមនិយមន័យ «ពុល» គឺពុលដោយសារពិសារស្រាស ដែលមានជាតិមេតាណុលខ្ពស់លើកកម្រិត និងពុលដោយសារការបរិភោគទឹកយកពីព្រៃកតេ និងអូរគគី ដែលមានជាតិគីមីពុលដោយសារថ្នាំបាញ់ស្មៅ និងសត្វល្អិត ដែលហូរចូលក្នុងព្រែក និងអូនោះមានកំហាប់លើសកម្រិត»។

តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់។

កាលពីថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០១៨ ​អាជ្ញាធរស្រុកចិត្របុរី បានជូនក្រុមការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយកងរាជអាវុធហត្ថខេត្ត នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្ត ចុះទៅពិនិត្យទីតាំងផលិតស្រាស នៅក្នុងភូមិទីដែលមានហេតុការណ៍ពុលនេះ។

អាជ្ញាធរស្រុកចិត្របុរី បានឲ្យដឹងថា ក្រុមការងារបានចុះទៅផ្ទះប្រជាពលរដ្ឋឈ្មោះ ឆី ទ្រី (ថេង ទ្រី) នៅភូមិស្រែនន ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបិទស្រាបណ្ដោះអាសន្ន និងបានប្រមូលយកស្រាស បានចំនួន២កាន ស្មើ៦០លីត្រ ដើម្បីយកទៅពិសោធន៍ និងចុះទៅពិនិត្យនៅផ្ទះប្រជាពលរដ្ឋឈ្មោះ ខុន ចាន់ធី (ម្ចាស់ផ្ទះមិននៅ ទៅសម្រាកពេទ្យ) ដោយមានសមាជិកភូមិជួយដឹងឮ ហើយបានប្រមូលយកស្រាស ចំនួន៧កាន ស្មើ២១០លីត្រ ដើម្បីពិសោធន៍ និងបានឲ្យសមាជិកភូមិ ជួយហាមឃាត់កុំឲ្យម្ចាស់ផ្ទះផ្អាកការបិទស្រាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ​ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម​ រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ៕