(ភ្នំពេញ)៖ តារាៗនិងអ្នកដឹកនាំប្រចាំក្រុម «តារារះថ្មី» ដែលត្រូវគេស្គាល់ថា កញ្ញា សូ អែនណា គឺជាអ្នកគ្រប់គ្រងបានត្រលប់មកដល់ទឹកដីកម្ពុជាហើយ ដោយតារារបស់កម្ពុជា ទទួលបានកិត្តិយសយ៉ាងសម្បើមក្នុងកម្មវិធី Asian Model Festival 2018 និងកម្មវិធី Asian Model Star Award 2018 គួរអោយសរសើរនោះផង។
លោក អែតវីន តំណាងអោយតារាខ្មែរពីប្រទេសកម្ពុជា ទទួលបានពានក្នុងកម្មវិធី Asian Model Star Award 2018 កាលពីថ្ងៃទី៦ ខែឧសភា ក្នុងពេលដែលតារាខ្មែរម្នាក់ទៀត គឺ ប្រាជ្ញ ឆវ័ន្ត ក៏ទទួលបានរង្វាន់ពីក្រុមហ៊ុនអន្តរជាតិធំមួយ ពីកម្មវិធីប្រកួតម៉ូដែល Asian Model Festival 2018 កាលពីថ្ងៃទី៥ ខែឧសភា នៅក្នុងព្រឹត្តិការណ៍តែមួយរួមបញ្ចូលគ្នា នៅក្នុងប្រទេសកូរ៉េនោះផង។
កញ្ញា សូ អែនណា អតីត Miss Global Cambodia កាលពីឆ្នាំ២០១៦ និយាយថា ក្នុងការប្រកួត Asian Model Festival 2018 តារាម៉ូដែលដែលក្រុម«តារារះថ្មី»ដែលបានបញ្ជូនទៅ គឺលោកប្រាជ្ញ ឆវ័ន្ត ទទួលបានរង្វាន់ ដោយលោកទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន JMA ដែលជាក្រុមហ៊ុនធំក្នុងនាមជាតារាមួយរូបដែលក្រុមហ៊ុននេះពេញចិត្ត។ ដោយឡែក តារាសម្ដែងលោក អែតវីន ថាក្រុមបង្ហាញម៉ូដរបស់នាងបានអញ្ជើញអោយទៅទទួលពានក្នុងកម្មវិធី Asian Model Star Award 2018 ដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េនោះដែរ ក្នុងនាមជាតារាតំណាងអោយប្រទេសកម្ពុជា។
កញ្ញាសូ អែនណា និយាយថា កម្ពុជាកាន់តែមានកិត្តិយស នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ដែលនាងបានបញ្ជូនតារាខ្មែរអោយចូលរួម ខណៈដែលជនបរទេសក៏បានកោតសរសើរពី តារាៗរបស់កម្ពុជាមិនដាច់ពីមាត់។
កញ្ញាថាក្រោយភាពជោគជ័យ ក្រុមបង្ហាញម៉ូដ «តារារះថ្មី» នឹងកាន់តែមានកម្លាំងចិត្តដឹកនាំ តួទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ក្នុងពេលដែលសំលៀកបំពាក់តំណាងអោយជាតិខ្មែរ បានឃើញក៏នឹងត្រៀមរំលេចឈុតប្រពៃសម័យទំនើបដ៏អស្ចារ្យ ដើម្បីអត្តសញ្ញាណរបស់ជាតិ។ តារាខ្មែរទទួលបានការប្រកាសអោយឡើងយកពាន និងអោយឡើងយករង្វាន់ ក្នុងពេលដែលតារាបរទេសផ្សេងទៀត មិនទទួលបានផ្លែផ្កានេះ។
កញ្ញាបន្តថា ការពិតកម្មវិធីដែលបានធ្វើឡើង នៅក្នុងប្រទសកូរ៉េនោះ គឺជាកម្មវិធីតែមួយប៉ុណ្ណោះ ដោយគ្រាន់តែក្រោយបញ្ចប់កម្មវិធីប្រលងម៉ូដែល ក៏មានការប្រគល់ពានដល់តារាៗ មកពីប្រទេសផ្សេងនៅមួយថ្ងៃ បន្ទាប់ពីចប់ម៉ូដែលផង៕