(សៀមរាប)៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ រួមនឹងក្រុមការងារ បានចុះសួរសុខទុក្ខលោក ថាប់ ស៊ឹង ដល់ខ្នងផ្ទះផ្ទាល់ ដែលជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី៨ ខែឧសភា នៅភូមិដូននំ ឃុំមានជ័យ និងចុះដល់ខ្នងផ្ទះអ្នកស្រី ហុង អ៊ន់ ដែលមានជីវភាពក្រីក្រជួបការលំបាក នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងនោះលោក ជា តារា បានចូលរួមសម្តែងនូវការសោកស្តាយ និងបានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើប្រាប់គ្រួសាររងគ្រោះផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ទោះរវល់ការងារយ៉ាងណា ក៏ត្រូវមកឲ្យដល់ខ្នងផ្ទះបងប្អូនរងគ្រោះដោយភ្លើងឆេះនៅឃុំរបស់យើង ព្រោះនេះជាគោលការណ៍ធំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ពោលគណបក្សប្រជាជនកម្ពុជា បានរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ»។
លោកបន្តថា ការងារនេះមិនមែនសម្រាប់តែការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះនោះទេ តែយើងបានធ្វើតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មករហូតបច្ចុប្បន្ន នោះគឺបានស្វែងរក និងថែរក្សាបានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍឈានឡើងជាលំដាប់ ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រអ្នកដែលបានសង្គ្រោះយើង ពីរបបប្រល័យពូជសាសន៍ ការពារយើង និងជួយយើង រស់នៅជាមួយយើងគ្រប់ពេលវេលា។
នៅក្នុងពេលដែលពលរដ្ឋកំពុងតែរស់នៅក្នុងសុខសន្តិភាព ជនក្បត់ជាតិដែលបានតាំងខ្លួនជាមេចលនាប្រឆាំង កើតចេញពីគណបក្សសង្គ្រោះជាតិ ដែលច្បាប់តុលាការបានរំលាយទៅហើយនោះ ពុំបានឲ្យតម្លៃសន្តិភាពនោះទេ ហើយថែមទាំងប្រមាថមាក់ងាយតាមគ្រប់មធ្យោបាយផ្សេងៗ ដោយសារតែលង់លើតាមការឃោសនា និងញុះញង់បរទេស ហើយបានបំភ្លេចចោលមេដឹកនាំជាតិខ្លួនដែលកាន់អំណាចស្របច្បាប់។ ការសម្រេចចិត្តនេះខុសហើយ នាំឲ្យប្រទេសជាតិវិនាសខ្ទេចខ្ទី ញាំញីដោយសារភ្លើងសង្គ្រាម ការព្រាត់ប្រាស់គ្រួសារ គ្មានទីជម្រកស្នាក់នៅ ខ្វះខាតអាហារហូបចុក និងរស់នៅវេទនារកទីបំផុតគ្មាន។
សុខសន្តិភាពបានមកដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ សែន ឆ្នាំ១៩៩៨ គឺមានតម្លៃស្មើនឹងអាយុជីវិតរបស់ខ្លួន ដែលយើងទាំងអស់គ្នាត្រូវតែរួមការពារឲ្យបានជាដាច់ខាត ទោះបីត្រូវលះបង់ដោយតម្លៃណាក៏ដោយ។ មានសុខសន្តិភាព និងមានការអភិវឌ្ឍយូរអង្វែង រឹងមាំរុងរឿង គឺប្រជាជនត្រូវការមេដឹកនាំជាតិដែលមានគុណសម្បត្តិដ៏វិសេសវិសាល និងមានបទពិសោធន៍រឹងមាំមោះមុតខ្លាំងក្លា ដូចសម្តេចតេជោ ហ៊ុន សែន ដែលប្រកបដោយគតិបណ្ឌិតបញ្ញាញ្ញាណឈ្លាសវៃ មានគុណធម៌ មានសច្ចធម៌ និងមានលក្ខណសម្បត្តិដ៏ឧត្តុង្គឧត្តម ក្នុងការបន្តដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជា ដើម្បីថែរក្សាការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព និងការបង្កើនល្បឿនថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែជឿនលឿន និងឆាប់រហ័សបំផុត ដូចប្រជាពលរដ្ឋបានឃើញស្រាប់ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់សាលារៀនមន្ទីរពេទ្យ ដែលបានរីកដុះដាលពេញផ្ទៃប្រទេស។ ដូច្នេះគឺយើងត្រូវទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា។
លោក ជា តារា បានឯកភាពជាមួយក្រុមការងារនៃសាកលវិទ្យាល័យការពារជាតិ រៀបចំសង់ផ្ទះជូនគ្រួសារលោក ថាប់ ស៊ឹង ភូមិដូននំ និងក្រុមការងារជួយស័ង្កសីប្រក់ផ្ទះជូនលោកស្រី ហុង អ៊ន់ នៅភូមិតាប្រាក់ផងដែរ។
អំណោយបឋមជូនគ្រួសារទាំងពីរក្នុងឱកាសនោះ រួមមាន៖ ថវិកា ២,១០០,០០០រៀល និង ៤៥០ដុល្លារ ស័ង្កសី៥០សន្លឹក អង្ករ៥០គីឡូក្រាម ខោអាវមួយវ៉ាលី និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ព្រមទាំងឧបត្ថម្ភសាលាឃុំមានជ័យជាថវិកា ២០០ដុល្លារផងដែរ។
គ្រួសាររងគ្រោះឆេះផ្ទះ និងគ្រួសារក្រីក្រ ព្រមទាំងប្រជាពលរដ្ឋបានចូលរួមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានក្រុមការងារបានគិតគូរមានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លាជួយដោះស្រាយទុក្ខលំបាកប្រជាជនរងគ្រោះ បានទាន់ពេលវេលា និងបានប្តេជ្ញាថា ទៅចូលរួមការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា៕