(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី០៦របស់ខ្លួន ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិកជាច្រើននាក់។
ថ្លែងក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក សឹម ណារ៉ា បានលើកឡើងពីវឌ្ឍភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលសម្រេចបានក្នុងឆ្នាំ២០១៧កន្លងទៅ ដោយបញ្ជាក់ថា រដ្ឋាករទឹកផលិតទឹកស្អាតបានចំនួន១៩៤លានម៉ែត្រគូប តបណ្ដាញទឹកថ្មី១៩៥គីឡូម៉ែត្រ តបណ្ដាញចូលផ្ទះថ្មី ២២,៤០៣បណ្ដាញ ក្នុងនោះតជូនអតិថិជនចំណូលទាបចំនួន៥៤២គ្រួសារ។
លោក សឹម ណារ៉ា បញ្ជាក់ទៀតថា នៅឆ្នាំ២០១៧ រដ្ឋាករទឹកប្រមូលចំណូលសរុបចំនួន២៣២,៨៩៣លានរៀល (ជិត៦០លានដុល្លារ), ចំណេញក្រោយពីបង់ពន្ធមានចំនួន៣៣,០៦៧លានរៀល (ជាង៨លានដុល្លារ) និងចំណេញក្នុងមូលដ្ឋាន ក្នុងភាគហ៊ុនមានចំនួន៣៨០.២១រៀលក្នុង១ភាគហ៊ុន។
ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបញ្ជាក់ថា ទឹកប្រាក់ដែលត្រូវបែងចែកភាគលាភ ជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០១៧ មានចំនួន១៣,៣៩៣លានរៀល (ជាង៣លានដុល្លារ) ដែលអត្រាភាគលាភមានអត្រា៤ភាគរយ ដូចនឹងឆ្នាំមុនផងដែរ ហើយអត្រានេះប្រហាក់ប្រហែល នឹងអត្រាការប្រាក់អប្បបរមា នៃការដាក់ប្រាក់បញ្ញើនៅធនាគារ។
លោកបន្តថា ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាលរបស់រដ្ឋាករទឹក បានសម្រេចបែងចែកភាគលាភចំនួន១៥៤រៀលក្នុង១ភាគហ៊ុន ដែលភាគលាភនេះ បានចាប់ផ្តើមទូទាត់ជូនភាគហ៊ុនិក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។
លោក សឹម ណារ៉ា សង្កត់ធ្ងន់ថា «ការវិនិយោគភាគហ៊ុនក្នុងរដ្ឋាករទឹកក្រុងភ្នំពេញនេះ យើងធានាថា ផលចំណេញយ៉ាងហោចណាស់ ក៏បានលើសពីអត្រាការប្រាក់អប្បបរមា ដែលធនាគារបានផ្តល់ឲ្យ នូវពេលដែលយើងយកលុយទៅដាក់ នៅធនាគារដែលយើងទុកចិត្តបំផុតផងដែរ»។
រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ជាក្រុមហ៊ុនរដ្ឋដំបូងគេ ដែលបានបោះផ្សាយលក់មូលបត្រ ជាសាធារណៈនៅឆ្នាំ២០១២ ដែលបោះផ្សាយលក់ ចំនួន១៥ភាគរយនៃភាគហ៊ុនសរុប (៨៥ភាគរយកាន់កាប់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ តម្លៃបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) របស់រដ្ឋាករទឹកមានតម្លៃ៦៣០០រៀលក្នុង១ភាគហ៊ុន។ គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ភាគហ៊ុនរបស់រដ្ឋាករទឹក មានតម្លៃ៣៧៥០រៀលក្នុង១ភាគហ៊ុន។
បើតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅពេលបច្ចុប្បន្ននេះ ដោយសារតែចំណូលរបស់ប្រជាជននៅមានកម្រិតទាប ដូច្នេះរាជរដ្ឋាភិបាលមិនមានគម្រោងដំឡើងថ្លៃទឹកនោះទេ ប៉ុន្តែនៅពេលអនាគត អាចនឹងមានការពិចារណា ចំពោះការដំឡើងថ្លៃទឹកនេះ។
សូមជម្រាបថា នៅឆ្នាំ២០១៨នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងផលិតទឹកឲ្យបាន២០៩លានម៉ែត្រគូប និងតបណ្តាញថ្មីចំនួន២៥០គីឡូម៉ែត្រ ទទួលបានចំណូលប្រមាណ២៤៣ពាន់លានរៀល (ប្រហែល៦០លានដុល្លារ)៕