(ក្រចេះ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់បញ្ជូនមន្ត្រីជំនាញជាបន្តបន្ទាប់ទៅកាន់តំបន់ដែលកំពុងរងគ្រោះដោយសារសារធាតុគីមីនៅក្នុងទឹកព្រែកទេ ដោយសហការជាមួយអាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវបន្តរកមូលហេតុ ដែលបង្កអោយមានសារធាតុគីមីនៅក្នុងទឹកព្រែកទេរ។ ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទឱ្យសហការជាមួយអាជ្ញាធរខេត្ត ក៏ដូចជាអាជីវករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តក្រចេះ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលកំពុងរងគ្រោះដោយសារធាតុគីមីនៅក្នុងទឹកព្រែកទេ។
គួររំលឹកផងដែរថា ថ្មីៗនេះ បន្ទាប់ពីធ្វើការពិសោធន៍ដោយវិទ្យាស្ថានស្តង់ដារ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម រកឃើញនូវសារធាតុគីមីមួយចំនួននៅក្នុងស្រាស និងទឹកព្រែកទេរួចមក ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់បន្ថែមទៀត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងព្រែក និងដៃព្រែកទេ បញ្ឈប់ការពិសាស្រាស និងអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តក្រចេះ ដោយបញ្ឈប់ប្រើប្រាស់ទឹកព្រែកទេ និងទឹកតាមដៃព្រែកទេ ជាបណ្តោះអាសន្នសិន ហើយរង់ចាំក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យ ស្រាវជ្រាវ និងដកហូតស្រាដែលមានជាតិពុល និងពិនិត្យឃើញថា ទឹកក្នុងព្រែកទេ ត្រូវបានសាបអស់ជាតិពុលសិន បន្ទាប់មកក្រសួង និងអាជ្ញាធរមូលដ្ឋាននឹងជូនដំណឹងតាមក្រោយ៕