(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាព និងនវានុវត្តន៍»។
សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាង គ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, វិស័យឯកជន, សហគ្រិនវ័យក្មេង, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាច្រើននាក់ ដោយមានមន្រ្តីជំនាញការលំដាប់ពិភពលោកល្បីៗ មកពីធនាគារពិភពលោក ធ្វើបទបង្ហាញសម្រាប់ជាធាតុចូលនៃកិច្ចពិភាក្សាផងដែរ។
លោក វង្សី វិស្សុត ថ្លែងថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសផង និងជាលំហាត់មួយផង ក្នុងការរៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹង ក៏ដូចជា ការប្រមែប្រមូលធាតុចូល សម្រាប់ឱ្យកម្ពុជាធ្វើការគិតគូរ អំពីទស្សនទាន បញ្ហាប្រឈម កាលានុវត្តន៍ភាព យន្តការ និងអាទិភាពគោលនយោបាយដែលគួរដាក់ចេញ សម្រាប់ត្រៀមខ្លួនអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅរកគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក វង្សី វិស្សុត ក៏បានលើកឡើងបន្ថែមទៀតផងដែរថា កម្ពុជាក៏ត្រូវលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ផងដែរ ដើម្បីបង្កើនទ្រព្យសម្បត្តិ, តម្លៃ និងការងារនៅក្នុងសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
ជារួម កម្ពុជាសម្រេចបាននូវសមិទ្ធកម្មល្អប្រសើរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ប៉ុន្តែដើម្បីអាចធានារក្សាបាននូវចលនការ នៃកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេលវែងបានតទៅមុខទៀត កម្ពុជាត្រូវមានការគិតគូរថ្មី ដោយសារសេដ្ឋកិច្ចមានការអភិវឌ្ឍដល់កម្រិតមួយថ្មី ដែលខុសពី២០ឆ្នាំកន្លងទៅ។
ក្នុងន័យនេះ កម្ពុជាត្រូវ៖
ទី១៖ ស្វែងរកនូវប្រភពថ្មីសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈ៖ (ក).ការធ្វើទំនើបកម្មមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់ ទាំងក្នុងវិស័យកសិកម្ម, វិស័យកម្មន្តសាល និងទាំងក្នុងវិស័យសេវាកម្ម ឱ្យមានតម្លៃបន្ថែមខ្ពស់ និងកាន់តែមានពិពិធកម្ម (ខ).ស្វែងរកប្រភេទឧស្សាហកម្មថ្មីៗបន្ថែមទៀត
ទី២៖ បង្កើននូវផលិតភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ច តាមរយៈការគិតគូរទៅដល់កត្តានៃកំណើន (Factor of Growth) ដោយផ្តោតការយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរ ពីការប្រើប្រាស់ការចូលរួមពលកម្ម (Labor Participation)ទៅការបង្កើនផលិតភាពពលកម្ម (Labor Productivity) ផង និងបង្កើនការវិនិយោគ, ជំនាញ និងបច្ចេកវិទ្យា (Capital Accumulation) ផង។ កិច្ចការទាំងនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវិស័យបច្ចេកវិទ្យាឌីជីថល។
ក្រៅពីការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងខាងលើនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមបណ្តាលមកពីកត្តាខាងក្រៅមួយចំនួន ដែលបណ្តាលមកពីនិន្នាការធំៗ របស់ពិភពលោកចំនួន៥ ដែលរួមមាន៖
ទី១៖ កត្តាពហុប៉ូល ដែលនឹងធ្វើឱ្យភូមិសាស្រ្តសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយក្នុងពិភពលោកមានការប្រែប្រួលខ្លាំង និងកាន់តែស្មុគស្មាញទៅ
ទី២៖ កត្តាប្រែប្រួលអាកាសធាតុ
ទី៣៖ បញ្ហាចំនួនមនុស្សចាស់កាន់តែច្រើនឡើងនៅក្នុងសង្គម ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រភពចំណូល និងផលិតភាពប៉ុណ្ណោះទេ តែនឹងអាចឱ្យមាននូវបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ខាងផ្នែកគាំពារសង្គមថែមទៀត
ទី៤៖ និន្នាការនៃការផ្ទេរកំណើនពីខាងលិចមកខាងកើត ដែលមានន័យថា ប្រទេសនៅអាស៊ីនឹងក្លាយទៅជាប្រទេសអ្នកមាន និងជាប្រទេសដឹកនាំពិភពលោក ហើយជាប្រភពនៃកំណើនសេដ្ឋកិច្ច, ការបង្កើនទ្រព្យសម្បត្តិ និងជាប្រភពទីផ្សារ រួមទាំងការវិនិយោគ
ទី៥៖ បដិវត្តន៍ឧស្សាហកម្មទី៤ ដែលនឹងអាចគ្របដណ្តប់លើ៖ (ក).បច្ចេកវិទ្យាឌីជីថល រួមមាន៖ Blockchain, Cloud Computing, Data, និង Artificial Intelligence (AI), (ខ).រូបវ័ន្តបច្ចេកវិទ្យា (Physical Technology) ពាក់ព័ន្ធនឹងការប្រើប្រាស់មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម (Robotic & Automation) នៅក្នុងការផលិត, ការផ្តល់សេវា, ការចែកចាយ រួមទាំង 3D Printing ជាដើម និង (គ).ជីវបច្ចេកវិទ្យា (Bio-technology) ដូចជាទាក់ទងទៅនឹង ការចិញ្ចឹមកោសិកាជាដើម (Stem Cell & Cloning)។ ជារួម វិស័យបច្ចេកវិទ្យាបានជះឥទ្ធិពលយ៉ាងលឿន ដោយស្មានមិនដល់បណ្តាប្រទេសទាំងឡាយនៅលើពិភពលោក រាប់ទាំងប្រទេសកម្ពុជាយើងផង។
លោក វង្សី វិស្សុត បានបន្តថា សេដ្ឋកិច្ចឌីជីថល គឺជាសេដ្ឋកិច្ចមួយដែលពឹងផ្អែកទៅលើបច្ចេកវិទ្យាឌីជីថល ដែលបច្ចេកវិទ្យាឌីជីថលនេះ នឹងជះឥទ្ធិពលដល់ការផលិតទំនិញ និងសេវា, ការចែកចាយ និងការផ្គត់ផ្គង់ រួមទាំងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ នឹងក្លាយជាកត្តាគន្លឹះ និងកត្តាកំណត់ចាញ់ឈ្នះ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រទេសណា ដែលមានសមត្ថភាព ចាប់យកបច្ចេកវិទ្យានេះបានល្អប្រសើរជាងគេ ប្រទេសនោះនឹងក្លាយជាអ្នកឈ្នះនៅក្នុងល្បែងនេះ។ ក្នុងន័យនេះ កម្ពុជាយើងត្រូវរួមដៃគ្នា ទាំងជាស្ថាប័ន ទាំងជាធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍឌីជីថលនៅកម្ពុជាឱ្យអាចរត់ទាន់គេនៅក្នុងតំបន់។ ដោយឡែក ពាក់ព័ន្ធនឹង បញ្ហាសហគ្រិនភាពវិញ គឺកន្លងមករាជរដ្ឋាភិបាលបានជួយទ្រទ្រង់ដល់វិស័យនេះជាបន្តបន្ទាប់។
តែរាជរដ្ឋាភិបាលប្រកាន់យកនូវគោលការណ៍ទីផ្សារ ហើយនឹងមិនធ្វើអន្តរាគមន៍ណាមួយ ដែលធ្វើឱ្យខូចទៅដល់គោលការណ៍ទីផ្សារនោះទេ។ នៅក្នុងរយៈពេលខ្លី និងវែងទៅមុខ, ក្រៅពីការបង្កើតមូលនិធិគាំទ្រសហគ្រិនភាព និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការគាំទ្រជាកញ្ចប់ផ្សេងទៀត សម្រាប់គាំទ្រដល់សហគ្រិនភាព ដូចជា៖
ការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank), ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនរបស់ SME, ការគិតគូរទៅដល់ការកាត់បន្ថយថ្លៃដើម នៅក្នុងការធ្វើធុរកិច្ចរបស់ SME តាមរយៈការកាត់បន្ថយថ្លៃអគ្គិសនី និងដឹកជញ្ជូន រួមទាំងចំណាយលើបែបបទច្បាប់ទម្លាប់ និងពន្ធដារ ព្រមទាំងប្រព័ន្ធនៃការផ្លាស់ប្តូរ រំលែកចំណេះដឹង ជំនាញ បច្ចកវិទ្យា និងបទពិសោធន៍ផងដែរ។
តាមរយៈការធ្វើបទបង្ហាញ និងមតិពិភាក្សារបស់អង្គសិក្ខាសាលាបានបង្ហាញឱ្យឃើញថា មូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការអនុវត្តសេដ្ឋកិច្ច ឌីជីថលនៅកម្ពុជាកំពុងវិវឌ្ឍន៍ ទៅមុខជាបណ្តើរៗ ដោយក្នុងនោះ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត និងមានសេវាអ៊ីនធើណែតសមល្មមសម្រាប់ គាំទ្រដល់សេដ្ឋកិច្ចឌីជីថល។
មូលដ្ឋាននេះបានបង្កើតឱកាសសម្រាប់អាជីវកម្មថ្មីៗ និងការច្នៃប្រឌិតមួយចំនួន រួមទាំងសហគ្រិនភាពឱ្យមានការរីកចម្រើនជាបណ្តើរៗ ស្របនឹងនិន្នាការប្រទេសក្នុងតំបន់។ ក៏ប៉ុន្តែសមត្ថភាពចាប់យក និងសកម្មភាពនៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនេះនៅមានកម្រិតទាបនៅឡើយ មិនថានៅក្នុងវិស័យសាធារណៈ ឬនៅក្នុងវិស័យឯកជនទេ។ ទន្ទឹមនឹងនេះការទទួលយកបច្ចេកវិទ្យាទូរស័ព្ទចល័ត ជំនាន់ក្រោយមានភាពយឺតយ៉ាវ ហើយការទទួលយកសេវា 4G វិញ កាន់តែមានអត្រាទាបថែមទៀត។
ដោយឡែក អាត្រានៃការប្រើប្រាស់សេវាអ៊ីនធើណែតអចល័ត ដែលអាចមានសមត្ថភាពបញ្ជូនទិន្នន័យធំៗវិញ នៅមានកម្រិតទាបនៅឡើយ។ ម៉្យាងវិញទៀត ការវិនិយោគដោយវិស័យឯកជន ក្នុងបច្ចេកវិទ្យាឌីជីថលនេះ ក៏មានការយឺតយ៉ាវផងដែរ ដែលឆ្លុះបញ្ចាំងពីសម្ពាធនៃការប្រកួតប្រជែង និងបរិយាកាស វិនិយោគ ស្របពេលដែលការទទួលយកបច្ចេកវិទ្យាឌីជីថល ដោយមជ្ឈដ្ឋានធនាគារហាក់មានកំរិតទាបនៅឡើយ។ លើសពីនេះទៀត ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលនៅក្នុងចំណោមប្រជាជន ជាពិសេសនៅទីជនបទនៅមានកម្រិតទាបនៅឡើយ ក្នុងខណៈដែលការអប់រំផ្នែកនេះ នៅមានបរិមាណតិចតួចនៅឡើយ។ ក្នុងន័យនេះ ការយកចិត្តទុកដាក់ គួរតែផ្តល់អាទិភាពលើរៀបចំ និងការវិនិយោគបន្ថែមលើហេដ្ឋារចនាសម័ន្ធឌីជីថល ព្រមទាំងការរៀបចំ និងកែលំអរក្របខ័ណ្ឌច្បាប់ចាំបាច់នានា រួមទាំងការលើកទឹកចិត្តផ្នែកសារពើពន្ធ សម្រាប់គាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕