(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្ស ហ្វ៊ុនស៊ិនប៉ិច មួយទៀតហើយ ដែលបានទៅចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើតាម លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
សូមជម្រាបថា រហូតដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីរួចរាល់ រួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនសិនប៉ិច។
រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២២ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។
រយៈពេល នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕