(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បុរសខ្មែរឥស្លាមទាំង៤នាក់ ដែលមុជទឹករាវយកដែកសំណល់ពីការសាងសង់ស្ពានបាឡេ ហើយដែលនាំឲ្យមានភ័ន្តច្រឡំពេញទឹកពេញដីថា មានចោរទៅលួចកាត់ដែកស្ពានបាឡេនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។ នេះបើតាមលោក សៀម សត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា ដែលបានឆ្លើយយ៉ាងដូច្នេះ។
លោកអធិការថា «ការដោះលែងឲ្យទៅផ្ទះវិញនេះ ដោយសារតែមិនមានពាក្យបណ្ដឹងណាមួយនោះទេ ហើយណាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានស្នើឲ្យមានការដោះលែង និង មានអ្នកធានាផងដែរនោះ ទើបខាងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សម្រេចដោះលែងពួកគាត់ឲ្យទៅវិញដោយគ្មានលក្ខណអ្វីឡើយ»។
លោកបន្តថា ដែកទាំងអស់ដែលគេប្រមូលនោះ ត្រូវបានក្រុមហ៊ុន អូស៊ីអាយស៊ី ប្រមូលយកទៅវិញអស់ហើយ។ លោកបញ្ជាក់ថា ខ្មែរឥស្លាមទាំង៤នាក់ ក៏បានធ្វើកិច្ចសន្យាផងដែរ។
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ទាំងអាជ្ញាធរ និងក្រុមហ៊ុន OCIC បានចេញមកបន្តប្រកាសឲ្យប្រជាពលរដ្ឋ ឈប់យល់ច្រឡំតទៅទៀតថា មានក្រុមចោរលួចទៅកាត់ដែកស្ពានបាឡេ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ តាមពិតគ្មានទាល់តែសោះ ចំពោះហេតុការណ៍នេះ ពោលគឹមានមនុស្សមួយក្រុមដែលជាអ្នករើសអេតចាយ ទៅរើសកម្ទេចកម្ទីដែក នៅសេសសល់ពីការដ្ឋានស្ពានបាឡេ។
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ តាមរយៈបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គ្មាននោះទេ ដែលថា មានចោរលួចកាត់ដែកស្ពាន ជាពិសេស ក៏គ្មានពាក់ព័ន្ធនិងអំពើភេរវកម្មអ្វីនោះដែរ ក្រោយពីអាជ្ញាធរខណ្ឌឬស្សីកែវ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ជាមួយសមត្ថកិច្ចពាក់ព័ន្ធខណ្ឌទាំង២ បានបើកការស៊ើបអង្កេតភ្លាមៗ ហើយរកឃើញថា ពិតជាមានក្រុមជនសង្ស័យឆ្លៀតឱកាស មករើសកម្ទេចដែកស្ពានបេឡេ ដែលសេសសល់ ខណៈពេលគ្មានអ្នកយាមកាម បន្ទាប់ពីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីយកទៅលក់អេតចាយប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ឲ្យដឹងផងដែរថា គ្មាននោះទេ ការកាត់ដែកស្ពាន និងតួស្ពានបេឡេ គឺមានតែក្រុមប្រជាពលរដ្ឋ បានឆ្លៀតឱកាស ពេលដែលគ្មានអ្នកយាមស្ពាន ក៏បានមករើសកម្ទេចដែកសេសសល់ ដើម្បីយកទៅលក់អេតចាយ ជាពិសេសលោកសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំឲ្យមានការយល់ច្រឡំ និងព្រួយបារម្មណ៍ ចំពោះការខូចខាតស្ពាន ថាមានចោរលួចកាត់ដែកតួស្ពាននោះ មិនមែនជាការពិតនោះទេ និងអាចធ្វើចរាចរចេញចូលទាំងទៅទាំងមកបាន ដោយងាយស្រួល។
លោក ជា ពិសី និងលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់លោក ហាស់ កំសាន្ដ ភ្នាក់ងារ Fresh News យ៉ាងដូច្នេះថា «បន្ទាប់ពីផ្ទុះរឿងមានសារព័ត៌មានក្នុងស្រុក មួយចំនួនចេញផ្សាយថា មានចោរមួយក្រុមធំជាខ្មែរឥស្លាម មានគ្នាយ៉ាងហោចណាស់ពី៣០ទៅ៥០នាក់ នាំគ្នាជិះទូកប្រមាណជា២០គ្រឿង មកលួចកាត់ដែកស្ពានបេឡេ កាលពីយប់ពាក់ កណ្តាលអាធ្រាត្រ ដែលសាលារាជធានីភ្នំពេញ ទើបតែសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៨ល្ងាចមិញនេះ អាជ្ញាធរ និងក្រុមហ៊ុន ព្រមទាំងមន្រ្តីជំនាញចុះស្រាវជ្រាវភ្លាមៗ គឺជាលទ្ធផលគ្មាននោះទេ សូមមហាជនទូទៅកុំយល់ត្រឡំតទៅទៀត»។
ដោយឡែក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយចុះពិនិត្យឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែក ដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋាន ក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញប៉ុណ្ណោះ។ ចំពោះដែកប៉ាឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។
មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន OCIC ដែលសាងសង់ស្ពាននេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ហើយអះអាងថា ស្ពាននេះគឺអាចធ្វើចរាចរឆ្លងកាត់ជាធម្មតា។
គួរបញ្ជាក់ថា នៅពាក់កណ្ដាលអាធ្រាត្រយប់មិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ថាមានចោរមួយក្រុមធំជាខ្មែរឥស្លាម មានគ្នាយ៉ាងហោចណាស់ពី៣០ទៅ៥០នាក់ នាំគ្នាជិះទូកប្រមាណជា២០គ្រឿង មកលួចកាត់ដែកតួស្ពានបេឡេ ដែលសាលារាជធានីភ្នំពេញ ទើបតែសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តែត្រូវបានសមត្ថកិច្ចឃើញ និងសង្ស័យចុះអន្តរាគមន៍ឃាត់ខ្លួន៤នាក់ ទូក៣គ្រឿង និងម៉ូតូ១គ្រឿង ផងដែរ ដើម្បីយកទៅសាកសួរជាច្រើនម៉ោង បានរកឃើញថា ពួកគេទាំងនោះ បានឆ្លៀតឱកាសមករើសកម្ទេចដែកស្ពាន ដែលនៅសេសសល់ ក្រោយពីដំណើរការសាងសង់អស់ជាង៦ខែ ខណៈដែលគ្មានអ្នកយាម និងទើបតែសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕