(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី រាជរដ្ឋាភិបាលក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងវប្បធម៌ និងទេសចរណ៍ចិន គ្រោងនឹងរៀបចំវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ នៅក្នុងប្រទេសកម្ពុជា នាពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។
វេទិការនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ» (Embracing the Opportunity of Tourism Development on the Silk Road) ដែលនឹងធ្វើឡើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិន លើកទី១នេះ គ្រោងនឹងបើកក្រោមអធិបតីរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយវេទិកានេះដែរ នឹងបើកឱ្យមានការចូលរួមពីប្រតិបត្តិករទេសចរ អ្នកសិក្សាស្រាវជ្រាវទេសចរណ៍ មន្ត្រីរាជការពាក់ព័ន្ធ និងយុវជន សិស្ស និងនិស្សិតក្នុងវិស័យទេសចរណ៍ទាំងអស់។
សម្រាប់ការចុះឈ្មោះចូលរួមក្នុងវេទិកានេះ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ តាមរយៈ Link នេះ http://cambodia-chinaready.com/kh/register_event/84c444a4d4x264b4y2 ឬក៏អាចចូលរួមតាមរយៈ QR Code ខាងក្រោមនេះផងដែរ៕