(បន្ទាយមានជ័យ)៖ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែឧសភានេះ បានដាស់តឿនឱ្យអាជ្ញាធរមូលដ្ឋានទូទាំងខេត្តជួយពន្យល់ និងជួយទប់ស្កាត់អតីត ក្រុមគណបក្សសង្គ្រោះជាតិ ដែលបានដើរបំពុល ញុះញង់មិនឱ្យប្រជាពលរដ្ឋអញ្ជើញ ទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងឈានចូលនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
លោក អោម ចន្ថា បានថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ នៅទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីបូកសរុបញសមិទ្ធិផលការងារឆ្នាំ២០១៧ លើកទិសដៅកាងារឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់មេឃុំ-ចៅសង្កាត់ទាំង៦៥ឃុំ- សង្កាត់ និងប្រធានក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩។
លោក អោម ចន្ថា បានបន្តថា អតីតខ្មោចគណប្សសង្រ្គោះជាតិ ជាខ្មោចតៃហោង ជាខ្មោចកាចសាហាវ ដែលតែងតែតាមលងបន្លាចប្រជាពលរដ្ឋខ្មែរ ឱ្យភ័យខ្លាចដែលនាំឱ្យពលរដ្ឋ មួយចំនួនគិតខុសមិនហ៊ាន ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃខាងមុខ។ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងសភាពការណ៍ ដើញុះញង់នេះឱ្យមានប្រសិទ្ធភាព និងណែនាំដាស់តៀន ឱ្យយល់អំពីសិទ្ធិបោះឆ្នោតដល់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ការចុះបញ្ច្រាប នៃការយល់ដឹង ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ បានអំពាវនាវតាមមណ្តាញទំនាក់ទំនងសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែល គ.ជ.ប ចាត់ទុកថា នេះគឺទង្វើបំពានសិទ្ធិលើសិទ្ធិប្រជាពលរដ្ឋ ដែលច្បាប់បានចែងថា ពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួន រយៈពេល៥ឆ្នាំម្តង៕