(ភ្នំពេញ)៖ អ្នកផ្តល់ប្រឹក្សាផ្នែកអាជីវកម្ម និងអ្នកជំនួញមួយចំនួននៅកម្ពុជា បានចាត់ទុកគោលការណ៍គន្លឹះទាំង៧យ៉ាង ជាយុទ្ធសាស្រ្តសម្រាប់ផែនការធ្វើជំនួញជាសកល ដែលក្នុងនោះ ពួកគេអាចរំពឹងថា វានិងរុញច្រានឲ្យម្ចាស់គម្រោង ឬក្រុមអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍ ជាមួយនិងការអនុវត្តការងាររបស់ពួកគេ ដោយមិនត្រឹមតែទទួលបាន ប្រយោជន៍សម្រាប់តែ ក្រុមហ៊ុនតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ផលជាវិជ្ជមាន ទៅឲ្យសង្គមផងដែរ។
សម្រាប់គោលការណ៍ទាំង៧ចំណុចនេះ រួមមាន៖ អភិបាលកិច្ចស្ថាប័ន សិទ្ធិមនុស្ស គោលការណ៍ពលកម្ម បរិស្ថាន គោលការណ៍ការងារយុត្តិធម៌ ដោះស្រាយបញ្ហាអតិថិជន និងការ ចូលរួមនិងអភិវឌ្ឍសហគមន៍ ដែលគោលការណ៍នេះ ត្រូវបានលើកឡើង និងស្នើសុំឲ្យមានការចូលរួម អនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុន និងជាការទទួល ខុសត្រូវរបស់ក្រុមហ៊ុនទាំងមូល។
ដោយសារគោលការណ៍ទាំង៧ ត្រូវបានលើកឡើងជា បន្តបន្ទាប់យ៉ាងដូច្នេះ ក្រុមអ្នកជំនាញពីបណ្តាប្រទេសនានា បានធ្វើការសិក្សា ថ្លឹងថ្លែង និងពិចារណា រហូតឈានទៅដល់ការដាក់ ឈ្មោះឲ្យគោលការណ៍ទាំង៧នេះ ថា CSR បន្ទាប់មកគោលការណ៍នេះ ត្រូវបានទទួលស្គាល់ជាស្តង់ដាអន្តរជាតិ (ISO)។
អ្នកគ្រប់គ្រងកម្មវិធី ផ្នែកអភិបាលកិច្ចធនធានធម្មជាតិ នៃអង្គការ Oxfam ប្រចាំកម្ពុជា លោក សុខ ឃីម បានឲ្យដឹងថា «ទំនួលខុសត្រូវសង្គម ឬហៅកាត់ថា CSR គឺជាសេចក្តីសម្រេចចិត្ត មួយក្នុងការប្រតិបត្តិរបស់ក្រុមហ៊ុន ដែលអាចមានផលប៉ះពាល់ ជាវិជ្ជមានទៅលើផ្នែកសង្គម ផ្នែកបរិស្ថាន ហើយជាមួយសហគមន៍ ដែលគាត់ពឹងអាស្រ័យជាមួយ នឹងខ្សែចង្វាក់ផលិតកម្ម របស់ក្រុមហ៊ុន ពិសេសគឺផ្តោតទៅលើនិរន្តរភាពរបស់អាជីវកម្មរបស់ក្រុមហ៊ុនតែម្តង»។
ស្ថាបនិកសហករណ៍សរីរាង្គខ្មែរ លោក អៀង សុធារ៉ា បានឲ្យដឹងថា ការគិតគូរនិងអនុវត្ត CSR បានជំរុញឲ្យក្រុមហ៊ុនលោក ចាប់ផ្តើមបន្តិចម្តងៗ ឲ្យមានការរីកចម្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោកបញ្ជាក់ថា «គ្រប់បន្លែផ្លែឈើសរីរាង្គ គឺយើងបានគិតទៅលើ ការពាក់ព័ន្ធដល់បរិស្ថាននឹងផែនដី ដូច្នេះវាចូលដល់លក្ខខណ្ឌទី២ នៅក្នុង CSR ហ្នឹង»។
សូមបញ្ជាក់ថា ពាក្យទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬហៅជាភាសាអង់គ្លេសថា CSR ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយក្រុមហ៊ុនមួយចំនួនត្រូវបានកត់សម្គាល់ថា បានចូលរួមអនុវត្ត CSR ដែលភាគច្រើនមានដូចជា៖ ក្រុមហ៊ុនផ្នែកជំនួញលើវិស័យកសិកម្ម សម្រាប់ការចាប់ផ្តើមតាំងពីការវិនិយោគដំបូង៕