(ប៉ៃលិន)៖ នាយឧត្តមសេនីយឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស បានជំរុញដល់កងកម្លាំងរាជអាវុធហត្ថខេត្តប៉ៃលិន ធ្វើការទប់ស្កាត់ ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានរឹងមាំនៅពេលបោះឆ្នោតខាងមុខ ជាពិសេសចូលរួមសហការជាមួយកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ក្នុងការក្តាប់សភាពការណ៍នៅតាមការិយាល័យបោះឆ្នោត ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលកំណត់មុខសញ្ញាបទល្មើស បង្ក្រាបឲ្យបានទាន់ពេលវេលា។
ថ្លែងក្នុងឱកាស ចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោកមេបញ្ជាការ បានបន្តថា ត្រូវយកចិត្តទុកដាក់ពង្រឹងកងកម្លាំងចុះជាប់នៅមូលដ្ឋាន សហការសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ មានដូចជាល្បែងស៊ីសង គ្រឿងញៀន ចោរលួច ចោរប្លន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចឲ្យទទួលបានប្រសិទ្ធិភាពខ្ពស់។
នាយឧត្តមសេនីយ៍ឯក ក៏បានលើកឡើងថា ដើម្បីការពារសណ្តាប់ធ្នាប់ឲ្យបានល្អមន្ត្រីអាវុធហត្ថ ត្រូវខិតខំអនុវត្តន៏ការងារដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ច ជំនាញរៀងៗខ្លួន សំដៅបង្កើននូវប្រសិទ្ធិភាពការងារ ហើយមន្រ្តីកងរាជអាវុធ គឺជាកងកម្លាំងស្នូលក្នុងកិច្ចការពារជាតិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណចក្រកម្ពុជា ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងពេលបោះឆ្នោតតំណាងរាស្ត្រនិតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យកងកម្លាំងរាជអាវុធហត្ថនៅពេលនេះ គឺដើម្បីពង្រឹងការងារការពារសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងអង្គភាពឲ្យបានល្អជាងមុន ក្នុងការបម្រើការពារដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ឲ្យទទួលបានសន្តិភាព ស្ថិរភាពនៅក្នុងសង្គមជាតិទាំងមូល៕