(ស្វាយរៀង)៖ កូនចិត្តស្លុយម្នាក់ ឃើញម្តាយបង្កាត់ភ្លើងស្នេហ៍ដ៏រុលរាលជាមួយបុរសចំណាស់ មានប្រពន្ធ និងកូនទៅហើយនោះ ក៏ផ្ទុះជាកំហឹង ខឹងម្តាយពេក ទិញសាំងកន្លះលីត្រចាក់ដុតទាំងម្តាយ និងបុរសចំណាស់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០៖១០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិ សំបួរ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុននឹងឈានដល់បង្ករឿងដុតម្តាយបង្កើត និងបុរសជាសង្សារម្តាយនោះ គឺជនបង្កបានធ្លាប់ហាមមិនឲ្យម្តាយរបស់ខ្លួន ទាក់ទងជាបុរសខាងលើ ព្រោះអីគេមានប្រពន្ធ និងកូនរួចទៅហើយ តែមិនទាន់ដាច់ស្រាច់គ្នាទេ ម្យ៉ាងវិញទៀត ធ្វើអញ្ចឹងកូនៗខ្មាស់គេណាស់។
បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះពេជ្រ ឆុន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ និងឈ្មោះ ពេជ្រ សាន់ ភេទស្រី អាយុ៥៣ឆ្មាំ មុខរបរកសិករ រងរបួសស្រាល។ អ្នកទាំងពីររស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងជាមួយគ្នា។
តាមចម្លើយរបស់ជនរងគ្រោះឈ្មោះ ពេជ្រ ឆុន បានប្រាប់ថា ខ្លួនបានទៅដេកនៅផ្ទះឈ្មោះពេជ្រ សាន់ ហើយឈ្មោះតូច សាវឿន ហៅទិត្យ អាយុ២៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ពេជ្រ សាន់ ចាក់សាំងដុតភ្លើងមកលើខ្លួន និងម្តាយរបស់គេ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្វាយទាប ឯជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនមកអធិការនគរបាលស្រុកស្វាយទាបដើម្បីបំពេញសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះឈ្មោះ ពេជ្រ ឆុន អាយុ ៦៧ឆ្នាំ ដោយសភាពជង្ងឺធ្ងន់ធ្ងរពេក ដឹកជញ្ជួនបន្តទៅកាន់មន្ទីរពេទ្យភ្នំពេញដើម្បីសង្គ្រោះ៕