(ស្ទឹងត្រែង)៖ មនុស្សជាតិទាំងមូលបានកំណត់ និងដឹងច្បាស់ហើយថា «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ប៉ុន្តែមជ្ឈដ្ឋានសង្គមមួយចំនួន នៅតែមានការរើសអើងចំពោះស្ត្រី ប្រើអំពើហិង្សា បំពានសិទ្ធិ ក៏ដូចជាការមាក់ងាយចំពោះស្ត្រីទៅវិញ។
ដោយមានការយកចិត្តទុកដាក់ចំពោះសិទ្ធិ សេរីភាព និងគុណតម្លៃរបស់ស្ត្រីនៅកម្ពុជា ទើបនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន បានបន្តចុះផ្សព្វផ្សាយបញ្ជ្រាបអំពីបញ្ហាយេនឌ័រ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ ដែលរើសអើងប្រឆាំងនារីភេទ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ ដល់មន្ត្រីរាជការ និងផ្នែកឯកជននៅខេត្តស្ទឹងត្រែង សំដៅកាត់បន្ថយឥរិយាបថរើសអើងចំពោះស្ត្រី ដែលជាមាតាពិភពលោក។
លោកស្រី ហ៊ុន ដានី បានលើកឡើងថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហាក់ដូចជានៅឲ្យតម្លៃលើស្ត្រីខុសគ្នាទៅតាមស្ថានភាពការងារ តួយ៉ាងបើស្ត្រីបម្រើការក្នុងសណ្ឋាគារ ខារ៉ាអូខេ ឬអ្នកសម្អាតអនាម័យ សង្គមយល់ឃើញថាស្ត្រីទាំងនោះមានតម្លៃទាប ផ្ទុយទៅវិញបើស្ត្រីមានឋានៈជាថ្នាក់ដឹកនាំកម្រិតខ្ពស់ណាមួយ សង្គមនឹងយល់ឃើញថាស្ត្រីនោះមានតម្លៃខ្ពង់ខ្ពស់មិនខាន។
ដោយសារបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន បានខិតខំយកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងផុសផុល ពីព្រោះវិស័យទេសចរណ៍ ជាវិស័យសំខាន់មួយ ដែលមានអ្នកបម្រើការជាស្រ្តីច្រើនជាងបុរស។
ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ជាមួយនឹងការមកដល់នៃទេសចរអន្ដរជាតិជាង ៥.៦លាននាក់ បានបង្កើតឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ហើយពេលបច្ចុប្បន្ន ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍មាន ៦០% ភាគច្រើនគឺបម្រើការនៅតាមផ្នែកសេវាស្នាក់នៅ និងសេវាកម្សាន្តនានា។
ដោយហេតុផលទាំងនេះហើយ ទើបលោកស្រី ហ៊ុន ដានី ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន បានខិតខំ និងដឹកនាំក្រុមមន្ត្រីចុះផ្សព្វផ្សាយការយល់ដឹងស្ដីពី ការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ដែលរើសអើងប្រឆាំងនារីភេទ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ នៅតាមបណ្ដាខេត្តនានា ហើយនៅថ្ងៃព្រហ ស្អែកនេះដែរ លោកស្រី នឹងដឹកនាំក្រុមការងារដើម្បីចុះសួរសុខទុក្ខក្រុមនារីឯកជន និងអ្នកបំរើសេវានៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍មួយចំនួននៅក្នុងខេត្ត ដើម្បីជាការលើកទឹកចិត្ត និងស្តាប់នូវកង្វល់ក៏ដូចជាបញ្ហាប្រឈមនានា សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនពួកគាត់ផងដែរ៕