(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកស្រី ជុក សុផានី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោក លោកស្រី អភិបាលរងខេត្ត នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងជួយដោះស្រាយស្រាយទុកកង្វល់ប្រជាពលរដ្ឋ ព្រមទាំងបានជួយដោះស្រាយស្បៀង ជូនដល់ពលរដ្ឋខ្វះលទ្ធភាពពិតប្រាកដ ជិត៣០០នាក់ ដែលរដ្ឋអំណាចមូលដ្ឋាន បានបញ្ជូនឈ្មោះមក។
នៅក្នុងឱកាសសំណេះសំណាល លោកម៉ៅ ធនិន បានថ្លែងថា ក្នុងនាមជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ រស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពតែមួយ តែងតែផ្តោតការយកចិត្តទុកដាក់ និងជួយទំនុកបម្រុងពលរដ្ឋ គ្រប់កាលទេសៈ។
លោកបានបន្តថា «យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធិផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកបានបន្តទៀតថា មិនដូចជនអគតិមួយចំនួន តែងតែសន្យានេះ សន្យានោះ មិនបានជួយអភិវឌ្ឍន៍អ្វីទាល់តែសោះ គឺពួកគេមានតែញុះញ៉ង់ បង្កអសន្តិសុខក្នុងសង្គម ហេតុនេះសូមបងប្អូនត្រូវតែមានទំនុកចិត្តលើរដ្ឋអំណាចមូលដ្ឋាន ជាពិសេសលោកផ្ទាល់ ដែលជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។
សូមជម្រាបថា បើផ្អែកតាមចំនួនប្រជាពលរដ្ឋ ដែលរដ្ឋអំណាចមូលដ្ឋានបានបញ្ជូនឈ្មោះមកនោះ មានចំនួនជិត៣០០នាក់ គឺសម្រាប់តែថ្ងៃនេះ ដោយម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម ដែលសកម្មភាពនេះ លោកអភិបាលខេត្តតែងតែអនុវត្តន៍ជាប្រចាំ តាំងពីមកកាន់តំណែងក្នុងយន្តការដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ គិតមកដល់ថ្ងៃនេះ មានរយៈពេល ៤ឆ្នាំ (០៧ ឧសភា ២០១៤-០៧ ឧសភា ២០១៨) ហើយត្រូវបានមន្ត្រីសាលាខេត្ត រៀបចំធ្វើខួបអបអរសាទរផងដែរ៕