(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានជំរុញ និងអំពាវនាវឲ្យប្រជាកសិករនាំគ្នាចងក្រងជាសហគមន៍ឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការទទួលបានឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់បង្កើនការវិនិយោគលើការងារកសិកម្ម។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាពិភាក្សា ស្តីពី «អាជីវកម្មរបស់សហគមន៍កសិកម្ម» ដែលរៀបចំ និងសម្របសម្រួល ដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា (HEIFER International Cambodia) នៅមជ្ឈមណ្ឌលដាយកូណៀរ។
វេទិកាពិភាក្សា ស្តីពី «អាជីវកម្មរបស់សហគមន៍កសិកម្ម» ខាងលើនេះ មានអ្នកចូលរួមសរុបប្រមាណ១៧០នាក់ ដែលអញ្ជើញមកពីស្ថាប័ននានារួមមាន៖ សហគមន៍កសិកម្មចំនួន៦៣ ពីខេត្តចំនួន១២ ព្រមទំាងអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ ស្ថាប័នផ្តល់ជំនួយ និងក្រុមហ៊ុនឯកជនមួយចំនួនទៀត។
តាមរយៈវេទិកានេះ រៀបចំឡើងក្នុងគោលបំណង៖
១៖ បង្កលក្ខណៈឲ្យសហគមន៍កសិកម្ម អាចរៀនសូត្រ ពីគ្នាទៅវិញទៅមក នូវការអនុវត្តល្អរបស់សហគមន៍
២៖ បញ្ហាប្រឈមសំខាន់ៗ របស់សហគមន៍កសិកម្ម និងស្វែងរកដំណោះស្រាយរួម
៣៖ រៀបចំ និងកែលម្អផែនការ អាជីវកម្មរបស់សហគមន៍កសិកម្ម
៤៖ ភ្ជាប់ទំនាក់ទំនងរវាង សមាគមន៍កសិកម្ម ជាមួយនឹងវិស័យសាធារណៈ វិស័យឯកជន និងម្ចាស់ជំនួយនានា ដើម្បីជួយបង្កើនទំនាក់ទំនងទីផ្សារ និងពង្រីកអាជីវកម្មរបស់សហគមន៍។
ក្នុងឱកាសនោះ លោក កៅ ថាច បានធ្វើការផ្សព្វផ្សាយពីគោលការណ៍ឥណទាន របស់ RDB និងធ្វើការពិនិត្យលទ្ធភាពក្នុងការផ្ដល់ឥណទាន ជូនសហគមន៍កសិកម្ម ដោយយកអត្រាការប្រាក់ទាប ដើម្បីជូនបងប្អូនសហគមន៍ យកទៅប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម ដែលជាផ្នែកមួយ នៃតួអង្គសំខាន់មួយ ក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ក្នុងគោលដៅលើកកម្ពស់ ផលចំណូលដល់សមាជិកសមាគម ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រកបដោយនិរន្តរភាព។
លោកអគ្គនាយក បានសន្យាឧបត្ថម្ភកុំព្យួទ័រចំនួន៤០គ្រឿង តាមរយៈអង្គការហេហ្វឺអន្តរជាតិកម្ពុជា ជូនដល់សហគមន៍កសិកម្ម ដែលមិនទាន់មានកុំព្យូទ័រ សម្រាប់ការងារការិយាល័យរបស់សហគមន៍ផងដែរ៕