(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារ ទួលទំពូង ក្នុងខណ្ឌចំការមន ដើម្បីត្រួតពិនិត្យទំនិញ និងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយ លើទីផ្សារ។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ក្នុងយន្តការចុះពិនិត្យទំនិញខាងលើ មន្ត្រីកាំកុងត្រូលបានធ្វើតេសបឋមទៅលើទំនិញ ដែលមានហានិភ័យខ្ពស់ ដូចជា៖ នំបាញ់ឌុក លតអង្ករ សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារនិងនំបាញ់ឌុក ដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផល បានរកឃើញមានសារធាតុគីមីហាមឃាត់(បូរ៉ាក់)នៅក្នុងនំបាញ់ឌុក លតអង្ករ
ទំងន់៦គីឡូក្រាម ត្រូវបានដកហូតកំទេចចោលនៅនិងកន្លែង និងធ្វើកិច្ចសន្យាបញ្ជប់ការទទួលលក់ រហូតដល់ធ្វើការកែប្រែគុណភាពហើយ និងធ្វើតាមដានការស្រាវជ្រាវរកទីកន្លែងផលិតបន្តទៀត។
ក្រោយពីការត្រួតពិនិត្យមន្ត្រីកាំកុងត្រូលបាន ផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យមានការយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ និងបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ទូនទៅមន្ទីរពិសោធិ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។
កិច្ចប្រតិបត្តិការណ៍ក្នុងការចុះត្រួតពិនិត្យនេះ គឺមន្ត្រីកាំកុងត្រូលតែងតែធ្វើជាប្រចាំនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់និងតាមការណែនាំពីប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាពិសេសមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ៕