(បាត់ដំបង់)៖ នៅចំពោះមុខលោកគ្រូអ្នកគ្រូ ជិត២,៥០០នាក់ នៅក្រុងបាត់ដំបង់ ខេត្តបាត់ដំបង់ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមអ្នកនយោបាយប្រឆាំង ធ្លាប់បានមើលងាយលើប្រព័ន្ធអប់រំស្រុកខ្មែរថាគ្មានគុណភាព នោះស្នើនឹងមើលងាយដល់លោកគ្រូអ្នកគ្រូដូចគ្នាដែរ។
បើតាមលោក ហ៊ុន ម៉ាណែត កន្លងទៅដោយសារតែចង់ឲ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល អ្នកនយោបាយអគតិខ្លះបានដើរបំផុស និងមើលងាយលើប្រព័ន្ធអប់រំថា គ្មានគុណភាព ដែលនេះជាការមើលងាយដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបណ្តុះបណ្តាលសិស្ស ដែលមកដល់ពេលនេះកូនខ្មែ ជាច្រើន បានប្រឡងជាប់ដណ្តើមបាន មេដាយមាស ឈ្នះប្រទេសរីកចម្រើនជាច្រើនមួយចំនួន ដែលកូនសិស្សទាំងនេះ គឺត្រូវបានបណ្តុះបណ្តាលដោយលោកគ្រូ អ្នកគ្រូ ក្នុងក្របខណ្ឌប្រព័ន្ធអប់រំកម្ពុជាផ្ទាល់។
ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្សកាន់តែខ្លាំង គឺកាន់តែមានសកត្តានុពល ហើយការអភិវឌ្ឍក៏កាន់តែលឿន ដែលជំរុញឲ្យប្រទេសកម្ពុជាដើរលឿង ដូចនោះដោយសារកត្តាពីរសំខាន់គឺ កត្តាសន្តិភាព និងធនធានមនុស្សកត្តានេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសដទៃ ធនធានមនុស្សដែលមានសកត្តានុពលជំរុញលើគ្រប់វិស័យ និងមានឯករាជម្ចាស់ការលើខ្លួនឯង។
លោកបានសង្កត់ធ្ងន់ថា លោកគ្រូអ្នកគ្រូគឺជាឱពុកម្តាយទីពីររបស់យើង ហើយលោកគ្រូអ្នកគ្រូបានដើរតួ និងជំរុញឲ្យមនុស្សម្នាក់ ក្លាយទៅជាធនធាន និងជោគជ័យក្នុងជីវិត។ លោកគ្រូអ្នកគ្រូទាំងអស់បានលះបង់ ចែករំលែក ផ្តល់ចំណេះដឹង ផ្តល់ពន្លឺ ផ្តល់ក្តីសង្ឃឹមដើម្បីឲ្យសិស្សមានសមត្ថភាពកសាងអនាគត សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ហេតុដូច្នេះ ការកសាងធនធានមនុស្ស គឺមានសារសំខាន់ណាស់ ព្រោះធនធានមនុស្សអាចបង្កើតសកត្តានុពល តែធនធានដែលដើរខុស និងជំរុញឲ្យប្រទេសធ្លាក់ ក្នុងផលវិបាក តែបើធនធាននោះជាធនធានល្អ សង្គមជាតិនឹងល្អ កត្តាទាំងនេះគឺជាភារកិច្ចរបស់លោកគ្រូអ្នកគ្រូទាំងអស់ ដែលមានតួនាទីអប់រំយុវជនឲ្យមានសីលធម៌ គុណធម៌ក្លាយជាធនធានល្អ ក្លាយជាធនធានដែលមានសកត្តានុពល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលបន្តកសាង និងអភិវឌ្ឍន៍ប្រទេសដើម្បីកូនចៅជំនាន់ក្រោយៗទៀត៕