(បាត់ដំបង)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់នៅផ្សារក្នុងស្រុកសង្កែ និងផ្សារលើក្រុងបាត់ដំបង ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយនៅក្នុងប្រតិបត្តិនោះដែរ បានរកឃើញទំនិញខូចគុណភាពចម្រុះចំនួន៣៥គីឡូក្រាម រួចក៏បានដកហូតយកមករក្សាទុករងចាំការដុតកម្ទេចចោល ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋយើង សមត្ថកិច្ចជំនាញ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់នៅផ្សារចំនួន២ស្រុកផ្សេងគ្នាក្នុងនោះមានផ្សារសង្កែក្នុងស្រុកសង្កែ និងផ្សារលើ ក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ ៣៥ គីឡូក្រាម យកមករក្សាទុកនៅសាខាខេត្តដើម្បីដុតកំទេចចោលនៅពេលក្រោយ។
លោកប្រធានសាខាកាំកុងត្រូវបានបញ្ជាក់ថា ទោះជាអាជីវករមួយចំនួន នៅតែដាក់តាំងលក់ទំនិញរបស់ខ្លួនមានការហួសកាលបរិច្ឆេទកំណត់ ដោយមិនបានចាប់អារម្មណ៍ ឬ យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ ម្យាងវិញទៀតអ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដ៏ទៃ គឺសមត្ថកិច្ចជំនាញតែងតែទប់ស្កាត់បានទាន់វេលាផងដែរ។
លោកប្រធានសាខាកាំកុងត្រូលបានបន្តថា ក្នុងនាមមន្រ្តីជំនាញនៅបន្តធ្វើការអប់រំ ផ្សព្វផ្សាយ ដោយផ្ទាល់ តាមរយៈការបិទផ្សាយរូបភាព ជាបន្តទៀតដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ពីការប៉ះពាល់សុខភាពមកលើអ្នកបរិភោគទាំងអស់គ្នា និងហាមអ្នកនាំចូលបញ្ឈប់ការនាំាទំនិញខូចគុណភាព ហួសកាលបរិច្ឆេទមកចែកចាយតាមទីផ្សារបន្តទៀត ចំណែកអ្នកប្រើប្រាស់៏ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរមុននឹងទិញទំនិញអ្វីមួយយកទៅបរិភោគ ប្រយ័ត្នធ្វើឲ្យចខូចសុខភាពខ្លួន៕