Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សសាលាបឋមសិក្សាលាំងគ្រើល បានទទួលការអប់រំ អំពីសុវត្តិភាពចំណីអាហារ ពីមន្រ្តីកាំកុងត្រូលខេត្តកំពង់ស្ពឺ

09-05-2018 16:07

(កំពង់ស្ពឺ)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នេះបានចុះទៅសាលាបឋមសិក្សាលាំងគ្រើល ស្ថិតក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីអប់រំដល់ប្អូនៗ សិស្សានុសិស្ស ឲ្យបានស្វែងយល់អំពីសុខភាព និងសុវត្ថិភាពចំណីអាហារ។

មន្ត្រីកាំកុងត្រូល បានលើកឡើងថា ដើម្បីថែរក្សាបានសុខភាព និងអនាម័យ ត្រូវស្វែងយល់ឲ្យបានត្រឹមត្រូវ ពីផលិតផលមានគុណភាព មានឈ្មោះអាស័យដ្ឋាន អ្នកទទួលខុសត្រូវលើផលិតផល ប្រភព មានថ្ងៃផុតកំណត់ រួមទាំងសញ្ញាសុវត្តិភាព ឬសញ្ញាស្តង់ដា ។ល។ ចំពោះចំណីអាហារគ្មានអនាម័យ ឬគ្រឿងកំប៉ុងដែលមានបញ្ហាគុណភាព ដូចជា ច្រេះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ក្លែងបន្លំគុណភាព មានកត្តាគ្រោះថ្នាក់ណាស់។

ក្រុមការងារ ក៏បានណែនាំដល់សិស្សានុសិស្សបន្ថែមទៀតថា ត្រូវប្រុងប្រយ័ត្នចំពោះផលិតផលផ្សំ ដោយសារជាតិគីមីធ្វើឲ្យប៉ះពាល់សុខភាព ដោយក្នុងនោះមាន ជាតិគីមីហាមឃាត់ធ្វើឲ្យមានពណ៌ស ស្រស់ ជាតិគីមីធ្វើឲ្យស្វិត ស្រស់ឆើត ទាក់ភ្នែក សារជាតិគីមីធ្វើឲ្យសាច់ស្រស់ ទុកបានយូរ អំបិលគ្មានជាតិអ៊ីយ៉ូតជាដើម។ កត្តាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ទាមទាឲ្យមានការអប់រំផ្សាយដើម្បី ឲ្យមានយល់ដឹងស៊ីជម្រៅផ្នែកគុណភាព សុខភាព និងអនាម័យផងដែរ៕