(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរ ពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះទៅពិនិត្យ ទំនិញនៅផ្សារដីហុយ នៅតាមផ្ទះទល់មុខផ្សារដីហុយ និងនៅស្តារម៉ាតកាល់តិច នៅកំណាត់ ផ្លូវសហព័ន្ធរុស្សី ខណ្ឌសែនសុខ ដោយរកឃើញប្រេងឆាម៉ាក Sun Flower មួយចំនួនដែលហួសដឺឡេ ត្រូវបានបងប្អូនអាជីវករដាក់លក់។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ពេលចុះត្រួតពិនិត្យនោះ មន្រ្តីកាំកុងត្រូលបានធ្វើតេស្តបឋម ទៅលើផលិតផលម្ហូប អាហារប្រចាំថ្ងៃចំនួន១៨គំរូ ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ដូចជា៖ គ្រឿងសមុទ្រស្រស់, ប្រហិតសាច់គោ, ប្រហិតសាច់ត្រី, ជ្រក់ច្រើនប្រភេទ, សាច់ក្រក, ត្រីប្រាហើម, ត្រីងៀត, ប្រហុក, ស្លឹកគ្រៃហាន់ស្រាប់ ខ្ញីហាន់ស្រាប់ សណ្តែកបណ្តុះ។
ជាលទ្ធផលគឺផលិតផលទាំង១៨គំរូនេះ សុទ្ធតែមានអនុលោមភាពសុវត្ថិភាពទាំងអស់។ ដោយឡែក ចំពោះការពិនិត្យមើលផលិតផលវេចខ្ចប់រួច ឃើញមានប្រេងឆា Sun Flower ចំនួន ៧ដបខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខា ធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីសុំគោលការកំទេចចោលនៅពេលក្រោយ។
ជាមួយគ្នានេះមន្រ្តី ក៏បានចុះពិនិត្យទំនិញនៅតាមផ្សារ star mart caltex និងបានស្វែងរកផលិតផល គ្រាប់អាល់ម៉ុន និងអែបព្រីខត ( Bitter Almonds AB Apricot ) តាមសេចក្តីជូនដំណីងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលលេខ២៧២ អ.ត.ព ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។ ជាលទ្ធផល ពុំត្រូវបានរកឃើញឡើយ។
ក្រុមការងារ បានចុះឃ្លាំពិនិត្យតំលៃលក់រាយប្រេងសាំង និងម៉ាស៊ូត តាមស្ថានីយឡើងវិញ ដោយពិនិត្យឃើញ៖ ថ្លៃលក់រាយប្រេងសាំងធម្មតា គឺមានតម្លៃមិនលើសពី៤,១០០៛ ក្នុង១លីត្រឡើយ រីឯថ្លៃលក់ប្រេងម៉ាស៊ូតវិញ គឺមិនលើសពី៣,៩០០៛ ក្នុងមួយលីត្រឡើយ ដែលតម្លៃនេះ សមស្របទៅនឹងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយ ប្រេងឥន្ធនៈនៅតាមស្ថានីយ៏ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨៕