(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ មានការរអ៊ូរទាំតៗគ្នា ដោយសារតែជួបប្រទះ ទឹកភ្លៀងធ្លាក់ជោគជាំមួយមេធំ បណ្ដាលឲ្យលិចលង់ទាំងផ្លូវ និងផ្ទះសំបែងមួយចំនួន តែបែរជាមានការសប្បាយរីករាយឡើងវិញ ត្រឹមតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់ពីពួកគាត់បានឃើញវត្តមានលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ជាមួយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានចុះមកត្រួតពិនិត្យភ្លាមៗ រកយុទ្ធសាស្ត្រក្នុងការរំដោះទឹកចេញ បញ្ជៀសបាននូវការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ តាមសំណូមពរជាក់ស្ដែងនៅចំពោះមុខ។
ក្នុងសកម្មភាពខាងលើនេះ លោក ជា ពិសី បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋថា មានការជន់លិចដោយសារជំនន់ទឹកភ្លៀងធ្លាក់មួយមេធំ ហើយដើម្បីបញ្ចៀសបាន នូវការលិចលង់ ដែលជាមធ្យោបាយបណ្ដោះអាសន្ន លោកបានសម្រេចបញ្ជាឲ្យវាយរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង ដោយក្ដីអនុគ្រោះ ក្នុងការដោះស្រាយ បញ្ហាប្រឈម។
ជាក់ស្ដែង នៅចំពោះមុខ ដើម្បីបង្ហូររំដោះទឹកចេញភ្លាមៗ ទម្លាក់ទៅក្នុងប្រឡាយ ដែលនៅក្បែរនោះ ដោយរង់ចាំថ្ងៃស្អែក លោកនឹងទំនាក់ទំនងទៅកាន់ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ស្នើរសុំកិច្ចសហការចុះសិក្សាស្វែងយល់ រកវិធីសាស្ត្ររំដោះការជន់លិច ដោយសារជុំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ តាមសំណូមពរ និងតាមដែលអាចធ្វើទៅបាន៕