(ភ្នំពេញ)៖ បន្ទាប់ពីមានសំណើពីសំណាក់ប្រជាពលរដ្ឋស្រុកកំពង់លែង សូមឲ្យថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ បញ្ចុះតម្លៃដរទទឹងកំពង់ឆ្នាំង-កំពង់លែង សម្រាប់រថយន្តគ្រួសារពី៤០.០០០រៀល មក២០.០០០ម៉ឺនរៀល, នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបញ្ចុះតម្លៃពី៤០.០០០រៀល មកនៅត្រឹម២៨.០០០រៀលវិញ។
ថ្លែងបា្រប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ិន សុវណ្ណនី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រសួងបានសម្រេចបញ្ចុះតម្លៃហើយ គឺសម្រាប់រថយន្តគ្រួសារពីមុន៤០.០០០រៀល មកនៅត្រឹម២៨.០០០រៀលវិញ មិនតែប៉ុណ្ណោះតម្លៃទំនិញអីវ៉ាន់ផ្សេងៗទៀតក៏ត្រូវបានសម្រេចបញ្ចុះតម្លៃផងដែរ។
លោក ហ៊ិន សុវណ្ណនី បានឲ្យដឹងទៀតថា ក្រសួងមិនអាចបញ្ចុះតម្លៃតាមការស្នើសុំរហូតដល់២០.០០០រៀលទេ ព្រោះក្រសួងបានកំណត់តាមស្តង់ដារទូទាំងប្រទេសដែលកំណត់យក ១គ.ម=៥.០០០រៀល ហើយចម្ងាយពីធ្វើដំណើរពីកំពង់ផែកំពង់ឆ្នាំង មកកំពង់លែង មានចំនួន ៦.៤០៥គ.ម។ លោកបានបន្តថា នៅពេលដែលគណនានោះ បានឃើញតម្លៃដល់ទៅ៣២.០០០រៀល តែដោយសារមានការឯកភាពពីម្ចាស់ដរទទឹងផងនោះ ក៏បានសម្រេច២៨.០០០រៀលវិញ។
សូមជម្រាបថា តម្លៃដរទទឹងកំពង់ឆ្នាំង-កំពង់លែង បានកំណត់តម្លៃចំពោះមនុស្សម្នាក់ត្រឹម១០០០រៀល ហើយម៉ូតូ២០០០រៀល តែប្លែកតែរថយន្តលក្ខណៈគ្រួសារ មានតម្លៃដល់ទៅ៤០.០០០រៀល ហើយរថយន្តខ្លះទៀត ដែលមានទំហំធំតម្លៃកាន់តែថ្លៃ។ តម្លៃនេះបានធ្វើឲ្យប្រជាជននៅស្រុកនោះ មិនសប្បាយចិត្ត និងបានស្នើឲ្យទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ជួយសម្រួលតម្លៃឡានដាក់សាឡាង ដរទទឹងកំពង់ឆ្នាំង-កំពង់លែង ពី៤ម៉ឺនរៀលមកត្រឹម២០,០០០រៀលបានហើយ។
សូមជម្រាបជូនផងដែរថា កាលពីមុនដរទទឹង ត្រូវបើកផ្លូវវាងតាមកោះមានចម្ងាយឆ្ងាយ និងត្រូវប្រើពេលយូរ ដែលគេយល់ថា អាចមកពីសាឡាងចំណាយប្រេងច្រើន តែដំណាក់កាលចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសាធារណការ បានជីកព្រែក និងស្តារដីយកជម្រៅជ្រៅកាត់ទទឹងកោះចំនួនពីរ ដើម្បីឲ្យសាឡាងដឹកអ្នកដំណើរបានលឿនឆាប់រហ័ស និងងាយស្រួលទៀត ដោយគ្រាន់តែចំណាយពេលប្រមាណជាង១៥នាទី ឆ្លងផុតហើយ តែតម្លៃឡានដាក់សាឡាងនៅតែថ្លៃដដែល៕