(ស្ទឹងត្រែង)៖ លោក យូរ ចំរើន ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យបងប្អូនអាជីវករ លក់ដូរទំនិញគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តគោលការណ៍ លើកកំពស់សុវត្ថិភាពចំណីអាហារ រួមគ្នាថែរក្សាសុខភាព រស់នៅទាំងអស់គ្នា ជាពិសេសកុមារ ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា ដើម្បីចៀសវាងពីការ កើតជម្ងឺផ្សេងៗ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក យូរ ចំរើន អញ្ជើញចូលរួមក្នុងសកម្មភាព ចុះផ្សព្វផ្សាយគោលការណ៍ លើកកំពស់សុវត្ថិភាព ចំណីអាហារ និងត្រួតពិនិត្យទំនិញនៅផ្សារស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក យូរ ចំរើន បានឲ្យដឹងថា អាជីវករមួយចំនួន បានដាក់ទំនិញលក់រាយប៉ាយលាយឡំគ្នា ដាក់ត្រូវកំដៅថ្ងៃខ្លាំង និងដាក់ផ្ទាល់ដី គ្មានអនាម័យ ប្រការនេះអាចធ្វើឲ្យទំនិញខូចគុណភាព ហើយនៅពេលអតិថិជនទិញ យកទៅប្រើប្រាស់ ឬយកទៅលក់បន្ត ត្រូវខាតបង់ថវិកា និងពេលបរិភោគមានផលប៉ះពាល់ ដល់ផ្នែកសុខភាពថែមទៀត។
លោកថា រាល់បញ្ហាខាងលើនេះ អ្នកលក់ ឬអ្នកទិញ ត្រូវស្វែងយល់ឲ្យបានច្បាស់ពីការថែរក្សាទំនិញរបស់ខ្លួន ស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯង ពីព្រោះកន្លងមកនៅឃុំព្រះរំកិលខេត្តស្ទឹងត្រែង ធ្លាប់មានកូនចៅប្រជាពលរដ្ឋរងគ្រោះ រហូតដល់ស្លាប់បាត់បង់ជីវិត ដោយសារតែបរិភោគចំណីអាហារ គ្មានអនាម័យ។
លោកបានថ្លែងថា «អញ្ចឹងដើម្បីចៀសវាង ផលប៉ះពាល់ដល់អតិថិជនម្ចាស់ទំនិញ ត្រូវមានការទទួលខុសត្រូវ គឺត្រូវទំនិញ ដែលមានជិតដល់បរិច្ឆេទកំណត់ប្រើប្រាស់ គឺត្រូវមានការទំនាក់ទំនង ដល់ម្ចាស់ដើមទំនិញ ដើម្បីរកម្ចាស់ទទួលខុសត្រូវ និងឲ្យមានការទុកដាក់ចៀសវាង ការត្រូវកំដៅថ្ងៃខ្លាំង ធ្វើឲ្យខូចគុណភាពដល់ទំនិញ»។
លោកស្រី ហ៊ី សុខា អាជីវករលក់ទំនិញ នៅផ្សារខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា ចំណីអាហារខ្វះអនាម័យ ឬម្ចាស់អាជីវកម្ម ផលិតមិនត្រឹមត្រួវ ពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពជាក់ស្តែងដូចជា នៅខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋបានស្លាប់ ដោយសាពុលស្រាស រហូតដល់ទៅជាង១០នាក់ ក្នុងពេលកន្លងមកថ្មីៗនេះ។
លោកស្រី សាទរ ចំពោះណែនាំរបស់ មន្ត្រីសាខាកាំកុងត្រូល ដល់បងប្អូនអាជីវករ ពីព្រោះជាប្រយោជន៍ការពារ និងលើកកម្ពស់សុខភាពទាំងអស់គ្នា ដោយមិនបាច់ចំណាយថវិកា ទៅលើការឈឺស្កាត់។
លោក កិ សុភាព អាជីវករនៅផ្សារនេះ បានយល់ឃើញថា បើបានបងប្អូន អាជីវករ លក់ទំនិញមានគុណភាពល្អ សំរាប់អ្នកទិញទៅលក់បន្ត និងអ្នកបរិភោគ ក៏មិនព្រួយបារម្ភពីកត្តាគ្រោះថ្នាក់ នៃចំណីអាហារប៉ះពាល់ លើផ្នែកសុខភាពនេះដែរ។
លោកទទួលស្គាល់ថា បច្ចុប្បន្នចំណីអាហារមួយចំនួន ច្រើនរងគ្រោះតែនំកញ្ចាប់ ឬទឹកក្រូចដបជ័រតូចៗ សំរាប់កូនក្នេង ដែលអាជីវករទិញចូល ពីប្រទេសជិតខាងច្រើន លក់មិនទាន់ ហួសកាលបរិច្ឆេទប្រើប្រាស់ នៅពេលលួចបន្លំដាក់លក់បន្ត កុមារទិញបរិភោគកើតជម្ងឺ ឈឺពោះ រាក ក្អូតជាដើម។
លោកថា ក្នុងនាមជាប្រជាពលរដ្ឋ សូមសំណូមពរមន្ត្រីសាខាកាំកុងត្រូល ចុះទៅដល់ទីប្រជុំជន ឬផ្ទះអាជីវករលក់ដូរ នៅតាមមូលដ្ឋានផង ពីព្រោះទីនោះ គ្មានមន្ត្រីជំនាញចុះទៅដល់ ហើយការគ្រោះថ្នាក់ គឺកូនចៅប្រជាពលរដ្ឋក្រីក្រ ដែលខ្វះចំណេះដឹងផ្នែកនេះ។
សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូល បានចុះអប់រំដល់បងប្អូនអាជីវកររឿយៗ ច្រើនលើករួចមកហើយ ដើម្បីឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ហើយប្រជាពលរដ្ឋពេលទិញផលិតផលផ្សេងៗ យកទៅបរិភោគត្រូវ ចេះជ្រើសរើស យកចំណីអាហារណា ដែលមានគុណភាព និងអនាម័យល្អ៕